
ភ្នំពេញ៖ ផ្លូវជាតិលេខ៣ វាលរេញ-កំពត ប្រវែង២០គីឡូម៉ែត្រកំពុងត្រូវបានជួសជុល ថែទាំបណ្តោះអាសន្ន មុនពេលត្រូវសាងសង់តាមលក្ខណៈបច្ចេកទេស។ រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូននៃកម្ពុជាថា ក្រសួងនិងក្រុមហ៊ុនចិន CRBC បានឯកភាពគ្នា ក្នុងការសាងសង់កំណាត់ផ្លូវមួយនេះរួចហើយ។
ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា បច្ចុប្បន្ន ក្រសួងកំពុងរង់ចាំថវិកាដែលបានស្នើសុំទៅមិត្តចិន ដើម្បីយកមកសាងសង់ផ្លូវនេះតាមលក្ខណៈ បច្ចេកទេស ប៉ុន្តែមុននឹងក្រសួងទទួលបានថវិកាធ្វើកំណាត់ផ្លូវនេះ ផ្លូវខូចអស់ហើយសំបុកមាន់ច្រើន ពិបាកធ្វើដំណើរ យឺតយ៉ាវពេលវេលា ជាពិសេសពេលរដូវភ្លៀង ស្របពេលដែលផ្លូវជាតិលេខ៤កំពុងតែធ្វើការពង្រីកធ្វើឱ្យមានការកកស្ទះ នាំឱ្យមានការបង្វែរទិសចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ៣ នាំឱ្យចរាចរណ៍កាន់តែច្រើនឡើងៗ។
ការលើកឡើងនេះបានធ្វើឡើង ក្នុងពេលដែលឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងចុះពិនិត្យមើលស្ថានភាពនៃការជួសជុលថែទាំបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមប្រវែងសរុប៥៤គីឡូម៉ែត្រ កាលពីព្រឹកថ្ងៃទី២៩ មីនា ២០២២៕