ក្រសួងវប្បធម៌កម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការនូវការអះអាងដោយគ្មានមូលដ្ឋាន និងពុំស្របតាមច្បាប់អន្តរជាតិរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោកស្រី Sabeeda Thaised ដែលថា «ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីថៃ»។យោងតាមផែនទីទាំង ផែនទីមាត្រដ្ឋាន ១:២០០ ០០០ ទទួលស្គាល់ពីអន្តរជាតិ និងផែនទីចោរខុសច្បាប់គូសជាឯកតោភាគីពីសំណាក់យោធាថៃ បានគូសប្រាសាទទាំងនេះដាក់ក្នុងដីកម្ពុជា ជាភស្ដុតាងដែលថៃខ្លួនឯងមិនអាចប្រកែកបាន។
ក្រសួងវប្បធម៌កម្ពុជា ចាត់ទុកសកម្មភាពនានាពាក់ព័ន្ធនឹងការចាត់វិធានការរដ្ឋបាល ដូចជាការចុះបញ្ជីប្រាសាទទាំងនេះ នៅក្នុងបញ្ជីបេតិកភណ្ឌថៃ ព្រមទាំងលេសនានាលើការគ្រប់គ្រងអភិរក្ស និងថែរក្សាប្រាសាទទាំងនេះដោយគ្មានការឯកភាពពីភាគីកម្ពុជា គឺសុទ្ធតែជាសកម្មភាពមានចេតនាបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (Fait accompli) គ្មានការទទួលស្គាល់ពីអន្តរជាតិ។
ចំពោះសកម្មភាពប្រមូលវត្ថុសិល្បៈ ស្ថិតនៅក្នុងទីតាំងនៃតំបន់ប្រាសាទ គឺជាការរំលោភបទដ្ឋានគតិយុត្តអន្តរជាតិជាធរ មាន ជាអាទិ៍៖ កាតព្វកិច្ចរបស់រដ្ឋភាគី ស្ដីពីការហាមឃាត់នៃការប្រមូលវត្ថុសិល្បៈទោះស្ថិតនៅក្នុងទម្រង់ណាក៏ដោយ ចេញពីដែនដីនៃរដ្ឋអធិបតេយ្យមួយ ឬចេញពីតំបន់គ្រប់គ្រងខុសច្បាប់អនុលោមតាមអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាឆ្នាំ១៩៧២ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានារបស់អង្គការយូណេស្កូ ពាក់ព័ន្ធនឹងការអភិរក្សវត្ថុសិល្បៈ និងតំបន់ប្រាសាទ។
សកម្មភាពខុសច្បាប់ទាំងនេះ ក៏ត្រូវបានចាត់ទុកថា ជាសកម្មភាពមានចេតនាកែប្រែបរិស្ថានព្រំដែន បំបាត់វត្ថុតាងបច្ចេកទេស និងធ្វើឱ្យខូចទ្រង់ទ្រាយដើមនៃតំបន់ព្រំដែន ដែលសកម្មភាពនេះគឺខុសទាំងស្រុងទៅនឹងប្រការ៥ នៃ MOU ឆ្នាំ២០០០ ហើយមានតែយន្តការគណៈកម្មការ JBC មួយប៉ុណ្ណោះ ដែលមានអាណត្តិនៅក្នុងការធ្វើសកម្មភាពនានាដើម្បីបម្រើដល់ការវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្ដែង។
ក្រសួងវប្បធម៌ ទាមទារជាដាច់ខាត ឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពទាំងឡាយគ្មានការអនុញ្ញាតពីកម្ពុជានៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងទាមទារឱ្យប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទខ្នារ និងគោរពឱ្យបានពេញលេញនូវអធិបតេយ្យភាព បូរណភាពទឹកដី និងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។កម្ពុជាជំរុញឱ្យប្រទេសថៃចាប់ផ្តើមឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះព្រំដែន (JBC) ដោយឈប់ពន្យារពេល និងដោះស្រាយរាល់បញ្ហាព្រំដែនដែលនៅសេសសល់ដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយវិវាទដោយសន្តិវិធី និងការការពារបេតិកភណ្ឌវប្បធម៌ ដើម្បីបន្សល់ទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ៕