ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) ផ្តល់ជំនួយឥតសំណងចំនួន១.៦០០.០០០ អឺរ៉ូ ស្មើនឹងចំនួនប្រមាណជិត ១.៨០០.០០០ ដុល្លារអាម៉េរិក ដល់កម្ពុជា ដើម្បីពន្លឿនការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម ព្រមទាំងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមបណ្តាខេត្តជាប់ព្រំដែន ក្នុងគោលបំណងពង្រឹងសុវត្ថិភាពប្រជាពលរដ្ឋ និងជំរុញការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គមនៅតំបន់រងផលប៉ះពាល់។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ អង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងអង្គការ APOPO បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅទីបញ្ជាការកណ្តាល CMAC ក្នុងរាជធានីភ្នំពេញ ដើម្បីអនុវត្តគម្រោង «ការគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»។
អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាលោក ហេង រតនា អគ្គនាយកអង្គភាព CMAC និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា។ គម្រោងនេះមានរយៈពេលអនុវត្ត ១៨ខែ ចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៨ ដោយមានថវិកាសរុបចំនួន ១,៦លានអឺរ៉ូ ស្មើនឹងប្រមាណ ១,៨លានដុល្លារអាម៉េរិក ដែលជាជំនួយឥតសំណងរបស់សហភាពអឺរ៉ុប។
អង្គការ APOPO គឺជាដៃគូអន្តរជាតិដ៏សំខាន់របស់អង្គភាព CMAC ក្នុងការងារបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ចាប់តាំងពីឆ្នាំ២០១៤មក។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរបានរួមចំណែកដល់ការរំដោះផ្ទៃដីពីការគំរាមកំហែងនៃគ្រាប់មីន និងសំណល់យុទ្ធភណ្ឌផ្ទុះ ព្រមទាំងពង្រឹងសមត្ថភាពបច្ចេកទេស និងប្រតិបត្តិការបោសសម្អាត។
ជាពិសេស កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ចំពោះការបោសសម្អាតតំបន់ដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងការបាញ់ផ្លោងក្នុងសង្គ្រាមឆ្នាំ២០២៥ ដែលបានបង្កការគំរាមកំហែងដល់លំនៅឋាន និងស្រែចម្ការរបស់ប្រជាពលរដ្ឋ។ ក្នុងប្រតិបត្តិការមនុស្សធម៌ទាំងនេះ ក៏មានការប្រើប្រាស់សុនខ និងកណ្តុរហិតមីន ដើម្បីជួយស្វែងរកគ្រាប់មីន និងសំណល់យុទ្ធភណ្ឌផ្ទុះផងដែរ។
តាមរយៈគម្រោងថ្មីនេះ ការស្រាវជ្រាវ និងបោសសម្អាតសំណល់យុទ្ធភណ្ឌនឹងត្រូវបានពន្លឿន ដើម្បីកាត់បន្ថយហានិភ័យដល់ប្រជាពលរដ្ឋ និងបង្កើតលក្ខខណ្ឌសុវត្ថិភាពសម្រាប់ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។ ការងារនេះក៏នឹងជួយស្តារសកម្មភាពសេដ្ឋកិច្ចសង្គមនៅតំបន់រងផលប៉ះពាល់ ព្រមទាំងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
អង្គភាព CMAC និងអង្គការ APOPO បានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់ជំនាញ បទពិសោធន៍ និងសមត្ថភាពបច្ចេកទេសរបស់ខ្លួន ដើម្បីធានាឱ្យការស្រាវជ្រាវ និងបោសសម្អាតសំណល់យុទ្ធភណ្ឌប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
កិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថា នឹងចូលរួមចំណែកក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ ស្តារសហគមន៍ដែលរងផលប៉ះពាល់ និងលើកកម្ពស់សន្តិសុខមនុស្សនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា៕