កម្ពុជា និងអ៊ីស្រាអែល បានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងបើកឱកាសសហប្រតិបត្តិការថ្មីៗលើវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ និងការងារ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Isaac Herzog ប្រធានាធិបតីអ៊ីស្រាអែល នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។
ក្នុងជំនួបនេះ លោក Isaac Herzog បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេច ដោយចាត់ទុកថា ជំនួបនេះបានបង្ហាញពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងអ៊ីស្រាអែល។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត ក៏បានសម្តែងក្តីរីករាយចំពោះជំនួបនេះ និងបានពាំនាំព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនចំពោះលោកប្រធានាធិបតីអ៊ីស្រាអែល។
ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជិត៦ទសវត្សរ៍កន្លងមក ព្រមទាំងប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ។
ក្នុងន័យនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ និងការងារ ព្រមទាំងវិស័យផ្សេងៗទៀតដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព សម្តេចនាយករដ្ឋមន្រ្តី និងលោកប្រធានាធិបតីអ៊ីស្រាអែល បានឯកភាពពង្រឹងយន្តការពិគ្រោះយោបល់ និងជំរុញការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់ ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងនាំទំនាក់ទំនងទ្វេភាគីឱ្យឈានទៅកម្រិតថ្មី។
នៅចុងបញ្ចប់នៃជំនួប សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអ៊ីស្រាអែល ដែលបានយកចិត្តទុកដាក់ ផ្តល់ការគាំទ្រ និងជួយសម្រួលដល់និស្សិត និងប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសអ៊ីស្រាអែល៕