ព្រះវិហារ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានបន្តចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ខណៈក្រសួងការពារជាតិអះអាងថា ការដាក់ពង្រាយកម្លាំង និងសកម្មភាពរបស់យោធាថៃនៅតំបន់នេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាង ១,១០០នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបាន។
តាមក្រសួងការពារជាតិ នៅវេលាម៉ោង ១០:២៤នាទីព្រឹក ក្រុមអ្នកសម្របសម្រួលកម្ពុជា (CLG) បានសម្របសម្រួលជូន AOT-KH ចុះពិនិត្យ សង្កេត និងរាយការណ៍អំពីស្ថានភាពនៅតំបន់ច្រកអានសេះ ស្ថិតក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រសួងការពារជាតិបានលើកឡើងថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក មានសកម្មភាពដូចជា ការដាក់កុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ និងសាងសង់លេណដ្ឋាន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតំបន់ច្រកអានសេះ ដែលក្រសួងចាត់ទុកថា ជាការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។
សកម្មភាពទាំងនេះត្រូវបានក្រសួងបញ្ជាក់ថា បានបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ១,១១៤នាក់ ក្នុង ៣៥៧គ្រួសារ ក្នុងនោះមានស្ត្រី ៧១១នាក់ និងកុមារ ៥៩៧នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។
ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ជំហរថា នឹងបន្តការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយផ្អែកលើច្បាប់អន្តរជាតិ គោលការណ៍ Uti Possidetis Juris អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផែនទី កំណត់ហេតុបោះបង្គោលព្រំដែន ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធដែលភាគីទាំងពីរបានឯកភាពគ្នា។
កម្ពុជាក៏បានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ។
ក្រសួងការពារជាតិបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធនឹងការរក្សាសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីជំរុញការវិលត្រឡប់ទៅរកស្ថានភាពប្រក្រតី និងសន្តិភាពឡើងវិញ៕