ភ្នំពេញ៖ ក្រុមអ្នកសម្របសម្រួលកម្ពុជា (CLG) នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់បង្គោលព្រំដែនលេខ២៧ ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
តាមក្រសួងការពារជាតិកម្ពុជា ការចុះពិនិត្យនេះធ្វើឡើង ដើម្បីឱ្យអ្នកសង្កេតការណ៍អាស៊ានបានឃើញផ្ទាល់នូវស្ថានភាពនៅតំបន់ព្រំដែន ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ព្រមទាំងស្វែងយល់ពីការអនុវត្ត និងការគ្រប់គ្រងស្ថានភាពនៅតំបន់នោះ។
ក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។
កម្ពុជាក៏បន្តប្រកាន់ខ្ជាប់ការការពារខ្សែព្រំដែនអន្តរជាតិ ដោយផ្អែកលើឯកសារ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ រួមមានសន្ធិសញ្ញា ពិធីសារកំណត់ព្រំដែន ផែនទី កំណត់ហេតុពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែន ព្រមទាំង MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣។
ក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជានឹងបន្តប្រើប្រាស់យន្តការសន្តិវិធី ដើម្បីរួមចំណែករក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមព្រំដែន និងក្នុងទំនាក់ទំនងរវាងកម្ពុជា-ថៃ៕