លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបពិភាក្សាទ្វេភាគីជាមួយលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការងាររួមក្នុងវិស័យបរិស្ថានរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការកែសម្រួល និងពង្រីកវិសាលភាពនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានស្រាប់ ស្តីពីការគ្រប់គ្រងសំណល់ប្លាស្ទិក ឱ្យគ្របដណ្តប់លើបញ្ហាប្រឈមបរិស្ថានរួមរបស់ប្រទេសទាំងពីរកាន់តែទូលំទូលាយ។
ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីការគ្រប់គ្រងគម្របព្រៃឈើ ការអភិវឌ្ឍទីផ្សារឥណទានកាបូន និងការជំរុញឱ្យវិស័យឯកជនចូលរួមវិនិយោគលើការការពារបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ កិច្ចសហការទាំងនេះមានគោលបំណងបង្កើតឱកាសសេដ្ឋកិច្ចថ្មី និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិភាក្សាអំពីសេចក្តីណែនាំសម្រាប់ការអនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ព្រមទាំងការប្រើប្រាស់ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0) ជាមូលដ្ឋានសម្រាប់កំណត់វិស័យអាទិភាព និងកៀរគរហិរញ្ញប្បទានសម្រាប់សកម្មភាពអាកាសធាតុ។
ក្នុងឱកាសនោះ ភាគីឡាវបានអញ្ជើញលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលនឹងត្រូវកែសម្រួលថ្មី។ ភាគីឡាវក៏បានអញ្ជើញកម្ពុជាឱ្យចូលរួមព្រឹត្តិការណ៍អមស្តីពីផែនការ NDC 3.0 របស់ឡាវ ក្នុងសន្និសីទបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣១ (COP31) ផងដែរ៕