ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរសម្តេច ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបានសម្តែងនូវការគោរពស្រឡាញ់ និងកោតសរសើរចំពោះស្នាដៃដ៏សំខាន់ៗរបស់សម្តេចក្នុងការបម្រើជាតិមាតុភូមិ និងការខិតខំតតាំងតាមច្បាប់អន្តរជាតិ ការពារទឹកដី ជាពិសេសរឿងក្តីប្រាសាទព្រះវិហារ។
ក្នុងសារលិខិត សម្តេច ហ៊ុន សែន បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេច ហោ ណាំហុង ក្នុងតួនាទីជាប្រមុខការទូត ដែលបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាពតាមរយៈវេទិកាអន្តរជាតិនានា និងរួមចំណែកយ៉ាងសំខាន់ក្នុងការនាំមកនូវសន្តិភាព និងការបង្រួបបង្រួមជាតិ។
ជាពិសេស សម្តេច ហ៊ុន សែន បានកោតសរសើរចំពោះការតស៊ូផ្នែកច្បាប់របស់សម្តេច ហោ ណាំហុង ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ពាក់ព័ន្ធនឹងសំណុំរឿងប្រាសាទព្រះវិហារ នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ។ សម្តេចចាត់ទុកស្នាដៃនេះថា ជាកេរដំណែលប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលបានរួមចំណែកលើកកម្ពស់កិត្តិយស និងកិត្យានុភាពរបស់ជាតិខ្មែរលើឆាកអន្តរជាតិ។
លើសពីនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ទាំងមុន និងក្រោយពេលចូលនិវត្តន៍ សម្តេច ហោ ណាំហុង នៅតែជាគំរូដ៏ល្អ និងជាអ្នកផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីការទូតជំនាន់ក្រោយ ដើម្បីពង្រឹងសមត្ថភាពក្នុងការតស៊ូមតិ និងការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជានៅលើឆាកអន្តរជាតិ។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេច ហ៊ុន សែន បានជូនពរសម្តេច ហោ ណាំហុង លោកជំទាវ និងក្រុមគ្រួសារ ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល និងសិរីសួស្តីគ្រប់ប្រការ ព្រមទាំងទទួលបានពរជ័យទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ ជារៀងរហូត៕