Khmer suport khmer cc time

អគ្គមេបញ្ជាការ បើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ មានយុវជនចូលរួមប្រមាណ ៥០០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ស្ពឺ៖ យុវជនប្រមាណ ៥០០នាក់ បានចូលរួមក្នុងវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ ដែលបានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅសាលាពលទាហានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក វង្ស ពិសេន បានកោតសរសើរចំពោះយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធា ដោយមានស្មារតីស្នេហាជាតិ និងឆន្ទៈចូលរួមការពារមាតុភូមិ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារ ដែលបានគាំទ្រ និងជំរុញកូនចៅឱ្យចូលរួមបំពេញកាតព្វកិច្ចដ៏មានសារៈសំខាន់នេះ។

លោកអគ្គមេបញ្ជាការ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមានគោលបំណងបណ្តុះបណ្តាលចំណេះដឹង ជំនាញ បទពិសោធន៍ និងវិន័យយោធាដល់យុវជន ដើម្បីអភិវឌ្ឍពួកគេឱ្យក្លាយជាធនធានមនុស្សដែលមានសមត្ថភាព ស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងភាពអត់ធ្មត់ ព្រមទាំងមានការត្រៀមខ្លួនសម្រាប់បំពេញភារកិច្ចការពារជាតិ ប្រជាជន អធិបតេយ្យភាព និងបូរណភាពទឹកដី នៅពេលប្រទេសជាតិត្រូវការ។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាពជាតិ និងការបន្តធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដើម្បីបង្កើនសមត្ថភាពក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី រួមមាន គ្រោះមហន្តរាយ ជំងឺឆ្លង សន្តិសុខព័ត៌មាន និងការរីកចម្រើននៃបច្ចេកវិទ្យាទំនើប។

លោកអគ្គមេបញ្ជាការ បានគូសបញ្ជាក់បន្ថែមថា ការបំពេញកាតព្វកិច្ចយោធា គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការរួមចំណែកការពារជាតិមាតុភូមិ។ ការហ្វឹកហ្វឺននេះក៏ជាឱកាសសម្រាប់យុវជនក្នុងការកសាងវិន័យ ពង្រឹងកាយសម្បទា បង្កើនចំណេះដឹង និងជំនាញ ព្រមទាំងរៀនសូត្រពីការរស់នៅ និងធ្វើការជាក្រុម ដែលអាចយកទៅប្រើប្រាស់ក្នុងជីវិតរស់នៅ និងការងារនាពេលអនាគត។

ជាចុងក្រោយ លោកអគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់យុវជនដែលចូលរួមវគ្គហ្វឹកហ្វឺន ត្រូវប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ និងភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់ និងបទបញ្ជាកងទ័ព ព្រមទាំងខិតខំសិក្សារៀនសូត្រ និងហ្វឹកហាត់ឱ្យបានម៉ឺងម៉ាត់។ លើសពីនេះ ត្រូវប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ រក្សាការសម្ងាត់របស់កងទ័ព និងចៀសវាងគ្រឿងញៀន ល្បែងស៊ីសង និងអំពើល្មើសច្បាប់គ្រប់ប្រភេទ ដើម្បីក្លាយជាយោធិនដែលមានសមត្ថភាព និងជាពលរដ្ឋល្អក្នុងសង្គមជាតិ៕


Khcct banner

អត្ថបទទាក់ទង