ភ្នំពេញ៖ ថ្ងៃទី២៩ខែតុលា ឆ្នាំ២០០៤ ថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២៦ គឺជាខួបលើកទី ២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ នៃព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។រយៈពេល២២ឆ្នាំមកនេះ ព្រះមហាក្សត្រ បានក្លាយ ជាម្លប់ដ៏ត្រជាក់ត្រជំថ្កើនថ្កាននៃអត្តសញ្ញាណជាតិ មាតុភូមិ និងប្រជានុរាស្ត្រកម្ពុជាទាំងមូល ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ព្រមទាំងលើកកម្ពស់សុខុមាលភាព និងសុភមង្គលរបស់ប្រជារាស្ត្រ។
កាលពី២២ឆ្នាំមុន ពោលគឺនៅថ្ងៃនេះ គឺជាពេលវេលាដែលប្រទេសកម្ពុជាទទួលបានព្រះមហាក្សត្រថ្មី ជំនួសសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នោះគឺព្រះករុណា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី។ក្នុងឱកាសនេះ យើងឃើញ មន្ត្រីរាជការ បុគ្គលិកតាមស្ថានប័នឯកជន និងសិស្សសាលា ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ១ថ្ងៃ ដើម្បីអបអរខួបនៃព្រះរាជាភិសេករបស់ព្រះមហាក្សត្រ។
សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ជាបេក្ខជនតែមួយអង្គគត់ សម្រាប់ព្រះរាជតំណែងដ៏ខ្ពង់ខ្ពស់ ជាព្រះមហាក្សត្រ និងត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកឆន្ទ ក្នុងសំឡេង៩ លើ៩ សំឡេង ដើម្បីឡើងសោយរាជ្យជាព្រះមហាក្សត្រ ជំនួសព្រះបិតា ព្រះបាទ នរោត្តម សីហនុ។ទ្រង់មាន«ព្រះបរមងា»ថា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិសាសនា ខេតិយា ខេមរារ៉ុងរឿង ពុទ្ធំព្រាធិរា មហាក្សត្រ ខេមរាជនា សមូហភា កម្ពុជៈ ឯករាជ្យរដ្ឋ បូរណសន្តិ សុភមង្គុលា សេរីវិបុលៈ ខេមរា ស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត្រ នៅថ្ងៃទី១៥ ខែឧសភាឆ្នាំ១៩៥៣ នាទីក្រុងភ្នំពេញ។ ទ្រង់ ជាព្រះរាជបុត្រា សម្តេចព្រះនរោត្តម សីហនុ និងព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ។ក្រោយពីបានទទួលការជ្រើសតាំងជាព្រះមហាក្សត្រ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ នោះមក ព្រះអង្គទ្រង់រាជនុញ្ញាតឲ្យលោក ចាង ស៊ីវមិញ អតីតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចូលគាល់ និងប្រោសព្រះរាជទាន សវនាការជាលើកដំបូង នៅក្នុងទីក្រុងប៉េកាំង។
លុះដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៤ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងមកមាតុភូមិវិញ ដើម្បីទទួលព្រះរាជពិធីរាជាភិសេក គ្រងរាជសម្បត្តិ ជាផ្លូវការ។នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ ត្រូវបានរៀបចំឡើងជាឱឡារឹក គំរប់ខួប២២ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិ របស់ទ្រង់។
ក្នុងឱកាសជាឱឡារឹកនេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាឥស្សរជនកំពូលតាំងពីជំនាន់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានចេញសារថ្វាយព្រះពរ អមជាមួយខ្លឹមសារចាត់ទុកសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានក្លាយជាម្លប់ដ៏ត្រជាក់ត្រជំថ្កើនថ្កាននៃអត្តសញ្ញាណជាតិ មាតុភូមិ និងប្រជានុរាស្ត្រកម្ពុជាទាំងមូល ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ព្រមទាំងលើកកម្ពស់សុខុមាលភាព និងសុភមង្គលរបស់ប្រជារាស្ត្រ៕