Khmer suport khmer cc time

រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ចាប់ដៃគ្នាត្រៀមធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ នៃសភាប្រើភាសាបារាំង នៅចុងឆ្នាំ ២០២៦ និងដើមឆ្នាំ២០២៧

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា បានប្រកាសពីការត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗរបស់សភាប្រើប្រាស់ភាសាបារាំង (APF) នៅចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧ ខាងមុខ ដើម្បីពង្រឹងតួនាទីការទូតសភា និងចូលរួមដោះស្រាយបញ្ហាប្រឈមធំៗរបស់តំបន់និងពិភពលោក។

ការសហការរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា រៀបចំព្រឹត្តិការណ៍ទាំងនេះ ឆ្លុះបញ្ចាំងពីការរួបរួមគ្នាយ៉ាងរឹងមាំរវាងរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ក្នុងការប្រើប្រាស់វេទិកាការទូតសភាដើម្បីស្វែងរកដំណោះស្រាយរួមចំពោះវិបត្តិសកលលោក​។

 

លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា, អនុប្រធានក្រុមសភាជាតិកម្ពុជា APF និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា APF តាមរយៈកិច្ចប្រជុំនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក-សមាជិការដ្ឋសភា និងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបានបង្ហាញនូវផែនការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន ២ នៅពេលខាងមុខរួមមាន សិក្ខាសាលាស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» គ្រោងរៀបចំធ្វើនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដឹកនាំរៀបចំដោយ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃ APF ដោយមានការចូលរួមសហការពេញលេញពីរដ្ឋសភា។

សិក្ខាសាលានេះ នឹងផ្តោតលើការរិះរកយន្តការរួមដើម្បីស្វែងដំណោះស្រាយចំពោះមុខនៃផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ ដែលកំពុង គំរាមកំហែងដល់សន្តិសុខ ជីវភាពប្រជាពលរដ្ឋ ព្រមទាំងវិស័យកសិកម្ម ជលផល និងទេសចរណ៍ ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ក្នុងន័យធានាកាត់បន្ថយផលប៉ះពាល់ជាកម្រិតអតិប្បរមាចំពោះជីវភាពប្រជាពលរដ្ឋ ។

ដោយឡែក កិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង និងកិច្ចប្រជុំ «បណ្តាញសមាជិកសភាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល» គ្រោងរៀបចំធ្វើនៅដើមឆ្នាំ២០២៧ខាងមុខ ដោយរដ្ឋសភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះផ្ទាល់ ដើម្បីពិភាក្សារិះរកយន្តការួមដោះស្រាយ វិបត្តិសុខភាពសាធារណៈសកល និងផលប៉ះពាល់ នៃជម្លោះប្រដាប់អាវុធដែលកើតមានលើវិស័យអប់រំ វប្បធម៌ និងបញ្ហាជនភៀសសឹកជាដើម។

សូមបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំនៅថ្ងៃនេះក៍មានការចូលរួមផ្លាស់ប្តូរមតិយ៉ាងសកម្មពី ឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំ សមាជិកសមាជិកគណៈកម្មការ ជាតំណាងរាស្រ្តព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិកាដ្ឋានរដ្ឋសភា ក្នុងគោលបំណងធ្វើយ៉ាងណារួមចំណែកលើការលើកកម្ពស់ការទូតសភានិង ដោះស្រាយវិបត្តិសុខភាពសាធារណៈ ព្រមទាំងបញ្ហាសកលជាមួយដៃគូអន្តរជាតិផងដែរ៕


Khcct banner

អត្ថបទទាក់ទង