Khmer suport khmer cc time

កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

អ៉ីស្តង់ប៊ុល៖ កម្ពុជា-តួគី នាថ្ងៃទី១៦ តុលា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌយោធាជាមួយគ្នា ខណៈប្រធានាធិបតី Recep Tayyip Erdogan បានអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ តាមរយៈកិច្ចសន្ទនា និងស្របតាមច្បាប់អន្តរជាតិ។ ការធ្វើឡើងនេះ ក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Recep Tayyip Erdogan ប្រធានាធិបតីតួគី នៅព្រះបរមរាជវាំង Dolmabahce។

ក្នុងជំនួបនោះ ភាគីកម្ពុជា តំណាងដោយលោក ប្រាក់ សុវណ្ណា រដ្ឋលេខាធិការក្រសួងការពារជាតិ បានចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ជាមួយលោករដ្ឋមន្ត្រីការបរទេស Hakan Fidan។ ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Recep Tayyip Erdogan ប្រធានាធិបតីតួគី។

បន្ថែមពីនេះ លោកប្រធានាធិបតីតួគីរូបនេះ បានជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា និងស្របតាមច្បាប់អន្តរជាតិ ខណៈដែលភាពតានតឹងនៅតែបន្តកើតមានជុំវិញជម្លោះទឹកដីដ៏រ៉ាំរ៉ៃ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ការឈប់បាញ់គ្នាក៏ដោយ។

លោក Erdogan បានមានប្រសាសន៍ថា៖ «យើងនៅតែបន្តគាំទ្រប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចគ្នាទាំងនេះ» ហើយប្រទេសតួគីបានផ្តល់ជំនួយដល់មនុស្សជាង ៣,០០០ នាក់ តាមរយៈការសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងក្របខ័ណ្ឌយោធា ដោយចាត់ទុកថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ និងសន្តិសុខ។

ពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីឱកាសនានាក្នុងការពង្រីកពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ និងការកសាងភាពជាដៃគូកាន់តែរឹងមាំជាមួយវិស័យឯកជន។ សម្តេចបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយធុរជនតួគី ដោយប្រើប្រាស់កម្ពុជាជាច្រកទ្វារទៅកាន់ទីផ្សារអាស៊ីដ៏ទូលំទូលាយ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ សម្តេច ហ៊ុន ម៉ាណែត ក៏បានអញ្ជើញលោកប្រធានាធិបតីតួគី ឱ្យមកទស្សនកិច្ចនៅកម្ពុជានាពេលអនាគតផងដែរ៕

Khcct banner

អត្ថបទទាក់ទង