Khmer suport khmer cc time

កម្ពុជា-ថៃ បើកកិច្ចប្រជុំ RBC ក្រៅផ្លូវការ ជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងដោះស្រាយបញ្ហាព្រំដែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឧត្តរមានជ័យ៖ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បានជួបប្រជុំក្រៅផ្លូវការកម្រិតលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សាជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាតាមព្រំដែន។

គណៈប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង មេបញ្ជាការរងយោធភូមិភាគទី៤ និងជាប្រធានលេខាធិការដ្ឋាន RBC ភាគីកម្ពុជា។ ចំណែកគណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ត្រី អាម យុទ្ធស៊ុនថន នាយសេនាធិការយោធភូមិភាគទី២ និងជាប្រធានលេខាធិការដ្ឋាន RBC ភាគីថៃ។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីការជំរុញការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការពិភាក្សានេះរួមមានការសម្របសម្រួលប្រតិបត្តិការរវាងកងកម្លាំងទាំងពីរ និងការដោះស្រាយបញ្ហានានាដែលមិនស្របតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ដើម្បីពង្រឹង និងកសាងទំនុកចិត្តរវាងភាគីទាំងពីរឡើងវិញ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកយកបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីៗនេះមកពិភាក្សា ដោយចាត់ទុកថា បញ្ហាទាំងនោះទាមទារឱ្យមានការយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានសមស្រប។ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបន្តពិភាក្សា និងសហការគ្នា ដើម្បីស្វែងរកមធ្យោបាយដោះស្រាយបញ្ហាទាំងនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ភាគីកម្ពុជាបានលើកឡើងថា ការធានាសន្តិភាពនេះ ទាមទារឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដ និងស្មោះត្រង់ពីភាគីទាំងពីរ ព្រមទាំងការគោរពឱ្យបានពេញលេញនូវច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងកម្ពុជា និងថៃ។ ការរក្សាសន្តិភាពរវាងប្រទេសទាំងពីរ ក៏នឹងចូលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងឯកភាពក្នុងតំបន់អាស៊ានផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិត ក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។ ការប្តេជ្ញាចិត្តនេះមានគោលដៅជំរុញឱ្យស្ថានការណ៍វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗ និងធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕


Khcct banner

អត្ថបទទាក់ទង