ភ្នំពេញ៖ រាជធានីភ្នំពេញបានបង្ហាញពីបរិយាកាសដ៏រស់រវើក និងភាពស្វាហាប់ក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលទាក់ទាញការចាប់អារម្មណ៍ និងការកោតសរសើរពីសំណាក់ភ្ញៀវអន្តរជាតិដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
លោក Dominic Williams ឯកអគ្គរាជព្រីតថេនប្រចាំកម្ពុជា បានបង្ហាញក្តីរីករាយចំពោះបរិយាកាសនៅរាជធានីភ្នំពេញ ដោយលោកបានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងសកម្មភាពផ្សេងៗ និងដើរកម្សាន្តនៅតាមតំបន់នានាក្នុងទីក្រុង។
ក្នុងអំឡុងពេលនោះ លោកបានសង្កេតឃើញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំងបានជួបមនុស្សជាច្រើនដែលមានភាពរួសរាយរាក់ទាក់ និងថែមទាំងមានឱកាសបានឃើញឥន្ទធនូដ៏ស្រស់ស្អាតផងដែរ។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង និងរួមចំណែកក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះឱ្យដំណើរការទៅដោយជោគជ័យ។ ជាពិសេស លោកបានសម្ដែងការកោតសរសើរចំពោះក្រុមអ្នកស្ម័គ្រចិត្ត និងមន្ត្រីទទួលបន្ទុកពិធីការ ដែលបានបំពេញការងារយ៉ាងល្អប្រសើរ និងមានការទទួលខុសត្រូវខ្ពស់៕