Khmer suport khmer cc time

សម្តេច ហ៊ុន ម៉ាណែត បកអាក្រាតថៃនៅតែកាន់កាប់ដែនអធិបតេយ្យកម្ពុជា ដោយខុសច្បាប់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ថ្លែងនៅចំពោះមុខមេដឹកនាំ និងគណៈប្រតិភូអន្តរជាតិ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ទោះបីកម្ពុជា និងថៃបានព្រមព្រៀងគ្នាលើបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏កងទ័ពថៃនៅតែបន្តកាន់កាប់ទីតាំងមួយចំនួនលើដែនអធិបតេយ្យរបស់កម្ពុជាដោយខុសច្បាប់ ខណៈកងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា និងស្ថានភាពតាមព្រំដែននៅមានភាពផុយស្រួយនៅឡើយ។

សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បទឈប់បាញ់រវាងប្រទេសទាំងពីរនៅតែបន្តអនុវត្ត ប៉ុន្តែស្ថានការណ៍នៅតាមព្រំដែននៅមានភាពស្មុគស្មាញ។ ចំណែកប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។ ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះ សម្តេចបានអំពាវនាវឱ្យមានការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងដែលមានជាធរមានរវាងកម្ពុជា និងថៃ ដើម្បីធានាឱ្យស្ថានការណ៍វិលទៅរកប្រក្រតីភាព និងជៀសវាងការកើតឡើងវិញនៃជម្លោះប្រដាប់អាវុធ។

ជាមួយគ្នានេះ សម្តេចបានរំឭកថា ក្នុងឆ្នាំ២០២៥ ការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា និងថៃបានកើតឡើងចំនួនពីរលើក ដោយតាមការបញ្ជាក់របស់សម្តេច កម្ពុជាមិនមែនជាភាគីដែលបើកការបាញ់ប្រហារមុននោះទេ។ ការប៉ះទង្គិចទាំងនេះបានបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត និងធ្វើឱ្យគ្រួសារប្រជាពលរដ្ឋជាច្រើនត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋាន។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ទាំងនេះបានរំឭកដល់កម្ពុជាថា «សន្តិភាពមិនមែនជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀងរហូតនោះឡើយ»។

សម្តេចបានបន្តថា កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព ព្រោះជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងបានដឹងយ៉ាងច្បាស់ពីការបំផ្លិចបំផ្លាញដែលសង្គ្រាមបានបន្សល់ទុក។ ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ មក កម្ពុជាទទួលបានសន្តិភាពក្នុងរយៈពេលយូរបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។

សម្តេចបានលើកឡើងថា ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាព ត្រូវបានបង្ហាញតាមរយៈការចូលរួមរបស់កងទ័ពកម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញដោះមីនក្នុងការសម្អាតដីពីមីន និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ។

ក្នុងឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត ក៏បានស្វាគមន៍គណៈប្រតិភូ និងសមាជិកគ្រួសារហ្វ្រង់កូហ្វូនីទាំងអស់ដែលបានអញ្ជើញមកកាន់កម្ពុជា ដោយបញ្ជាក់ថា ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា កម្ពុជាគឺជាផ្ទះរបស់គណៈប្រតិភូទាំងអស់៕

Khcct banner

អត្ថបទទាក់ទង