Khmer suport khmer cc time

ក្រុម AOT ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅតំបន់ច១ ក្រោយរកឃើញយោធាថៃរំកិលប៉ុស្តិ៍ និងជីកលេណដ្ឋានចូលមុខ ២០ម៉ែត្រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច១ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា យោធាថៃបានរំកិលប៉ុស្តិ៍សង្កេតការណ៍ និងជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ ២០ម៉ែត្រ បើធៀបនឹងទីតាំងចាស់។

ការចុះពិនិត្យនេះធ្វើឡើងនៅវេលាម៉ោង ៩:២០នាទីព្រឹក ដោយមានការសម្របសម្រួលពីក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា ក្នុងគោលបំណងសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន ព្រមទាំងពិនិត្យមើលការគោរព និងការអនុវត្តវិធានការនានា ដែលមានចែងក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។

កម្ពុជាបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងតួនាទី និងអាណត្តិរបស់ក្រុមនេះ ក្នុងការតាមដាន ផ្ទៀងផ្ទាត់ និងធានាថា បទឈប់បាញ់ ព្រមទាំងវិធានការដែលកម្ពុជានិងថៃបានឯកភាពគ្នា ត្រូវបានអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាព ដើម្បីធានាតម្លាភាព និងគណនេយ្យភាព។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជាបានអំពាវនាវឱ្យភាគីថៃគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដោយសុច្ឆន្ទៈ និងភាពស្មោះត្រង់នូវកិច្ចព្រមព្រៀង និងឯកសាររួមដែលប្រទេសទាំងពីរបានឯកភាពគ្នា រួមមាន សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។

ក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា ការគោរពកិច្ចព្រមព្រៀងទាំងនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី ប្រកបដោយយុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដើម្បីជំរុញឱ្យស្ថានការណ៍វិលត្រឡប់មកប្រក្រតីភាពវិញក្នុងពេលឆាប់ៗ និងធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕


Khcct banner

អត្ថបទទាក់ទង