ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានចាត់ទុកព្រះមហាក្សត្រ ជាម្លប់ដ៏ត្រជាក់ត្រជំថ្កើនថ្កាននៃអត្តសញ្ញាណជាតិ មាតុភូមិ និងប្រជានុរាស្ត្រកម្ពុជាទាំងមូល ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ព្រមទាំងលើកកម្ពស់សុខុមាលភាព និងសុភមង្គលរបស់ប្រជារាស្ត្រ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ។ ក្នុងឱកាសនេះ សម្តេច ហ៊ុន សែន ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការ និងក្នុងនាមខ្លួនផ្ទាល់ បានសម្តែងនូវអំណរសាទរ និងកតញ្ញូតាធម៌ ព្រមទាំងថ្វាយនូវការគោរពសក្ការៈ និងព្រះរាជកត្តញ្ញូដ៏ជ្រាលជ្រៅចំពោះព្រះមហាក្សត្រ។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ បាននិងកំពុងរួមចំណែកដល់ការថែរក្សា និងលើកកម្ពស់សុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ព្រមទាំងជួយឱ្យប្រជានុរាស្ត្រកម្ពុជារស់នៅប្រកបដោយសុខុមាលភាព សុភមង្គល និងការរីកចម្រើន។ ព្រះរាជកិច្ចទាំងនេះ ត្រូវបានចាត់ទុកថាជាចំណែកមួយក្នុងការថែរក្សាភាពរឹងមាំរបស់ជាតិ និងសុខដុមរមនាក្នុងសង្គម។
ក្រៅពីព្រះរាជកិច្ចក្នុងប្រទេស ព្រះមហាក្សត្រក៏បានយកព្រះរាជហឫទ័យទុកដាក់ក្នុងការកសាង និងពង្រឹងចំណងមិត្តភាពជាមួយបណ្តាប្រទេសនានា ដើម្បីបង្ហាញពីសក្តានុពល និងភាពអស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់សហគមន៍ក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការដែលផ្អែកលើមិត្តភាព ភាពស្មោះត្រង់ និងផលប្រយោជន៍រួម។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ បានបួងសួងសូមវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជួយថែរក្សាព្រះមហាក្សត្រ និងប្រទានព្រះពរជ័យគ្រប់ប្រការ ជូនព្រះអង្គមានព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំដល់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូបតរៀងទៅ៕