Khmer suport khmer cc time

កម្ពុជាតវ៉ាថៃប្រើគ្រឿងចក្រធុនធ្ងន់ សាងសង់ផ្លូវ និងបាញ់ថ្នាំក្រហមលើដើមឈើ នៅតំបន់តាទុំ ខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ការតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលកម្ពុជាចាត់ទុកថាជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន បន្ទាប់ពីភាគីថៃបានប្រើគ្រឿងចក្រធុនធ្ងន់សាងសង់ផ្លូវ និងបាញ់ថ្នាំពណ៌ក្រហមលើដើមឈើនៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ឈូសឆាយ និងសាងសង់ផ្លូវនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចន្លោះបង្គោលព្រំដែនលេខ៩ លេខ១០ និងលេខ១១។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបាញ់ថ្នាំពណ៌ក្រហមលើដើមឈើនៅចន្លោះបង្គោលព្រំដែនលេខ១០ និងលេខ១១ ដើម្បីត្រៀមសាងសង់ផ្លូវបន្ថែមទៀតនៅតំបន់ដដែល។

ចំពោះសកម្មភាពទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងការតវ៉ាយ៉ាងខ្លាំង ដោយចាត់ទុកថាជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាដោយផែនទីខ្នាត ១:២០០.០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

កម្ពុជាក៏បានបញ្ជាក់ថា សកម្មភាពទាំងនេះផ្ទុយនឹងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងចំណុចស្តីពីវិធានការកាត់បន្ថយភាពតានតឹង ក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ការកំណត់ខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយដោយឯកតោភាគីពីសំណាក់ប្រទេសថៃឡើយ។ កម្ពុជាក៏បានសង្កត់ធ្ងន់ថា សកម្មភាពដែលបានកើតឡើងនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះទេ។

ជាមួយគ្នានេះ កម្ពុជាបានទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ និងសកម្មភាពឯកតោភាគីទាំងអស់ ព្រមទាំងចូលរួមកាត់បន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តទៅវិញទៅមក និងរក្សាសន្តិភាព ព្រមទាំងទំនាក់ទំនងជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

ជាចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជាបានអះអាងពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕

Khcct banner

អត្ថបទទាក់ទង