Swift cc time

ក្រុម AOT ជួបមេបញ្ជាការយោធភូមិភាគទី៥ ពិភាក្សាពង្រឹងសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បាត់ដំបង៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រទេសហ្វីលីពីន បានជួបពិភាក្សាការងារជាមួយមេបញ្ជាការយោធភូមិភាគទី៥ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីការវិវត្តថ្មីៗនៃស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបំពេញបេសកកម្មសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមព្រំដែន។

ជំនួបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ខេត្តបាត់ដំបង ក្រោមការសម្របសម្រួលរបស់ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានស្វាគមន៍គណៈប្រតិភូ AOT-KH ដែលដឹកនាំដោយឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT)។

ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានថ្លែងអំណរគុណចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលបានខិតខំបំពេញបេសកកម្មកន្លងមក ដើម្បីចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព និងការជឿទុកចិត្តគ្នាក្នុងតំបន់ តាមរយៈយន្តការអាស៊ាន។ ក្នុងឱកាសនោះ លោកក៏បានជម្រាបជូនគណៈប្រតិភូអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ផងដែរ។

ជាការឆ្លើយតប ឧត្តមនាវីត្រី Glenn Z. Dizon បានថ្លែងអំណរគុណដល់យោធភូមិភាគទី៥ ដែលបានសហការ និងសម្របសម្រួលការងារយ៉ាងល្អ ដើម្បីឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានអាចបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។

លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ដើម្បីរួមចំណែកគាំទ្រដល់ការអនុវត្តបទឈប់បាញ់ និងការលើកកម្ពស់សន្តិភាពក្នុងតំបន់។

ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា កម្ពុជាបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងការតាមដានការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដើម្បីធានាតម្លាភាព ពង្រឹងការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ កម្ពុជាក៏ស្វាគមន៍ជានិច្ចចំពោះប្រទេសជាមិត្ត ដែលមានបំណងបញ្ជូនអ្នកសង្កេតការណ៍ ឬចូលរួមចំណែកក្នុងការងាររក្សាសន្តិភាពផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងពាក់ព័ន្ធនានា រួមមាន សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ការប្តេជ្ញាចិត្តនេះមានគោលដៅជំរុញឱ្យស្ថានភាពវិលត្រឡប់មករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗ និងធានាបាននូវសន្តិភាព ស្ថិរភាព និងភាពសុខសាន្តយូរអង្វែង៕


Khcct banner

អត្ថបទទាក់ទង