រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំង ចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន ដោយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានលើកទង់ជាតិថៃ នៅតំបន់ច្រកអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
កម្ពុជា បានបញ្ជាក់ថា សកម្មភាពនេះផ្ទុយនឹងការកំណត់ព្រំដែនដែលយោងតាមផែនទីមាត្រដ្ឋាន ១:២០០.០០០ ព្រមទាំងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ កម្ពុជាក៏បានលើកឡើងថា វារំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងចំណុចវិធានការកាត់បន្ថយភាពតានតឹង នៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា បានអះអាងជាថ្មី មិនទទួលស្គាល់ការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ ហើយសកម្មភាពបែបនេះមិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាចំពោះព្រំដែនអន្តរជាតិរបស់ខ្លួនបានទេ។
កម្ពុជា ទាមទារឱ្យថៃបញ្ចប់ជាបន្ទាន់នូវសកម្មភាពដែលកម្ពុជាចាត់ទុកថាខុសច្បាប់ និងបញ្ឈប់សកម្មភាពឯកតោភាគី ដើម្បីបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្ត និងរក្សាសន្តិភាពតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ កម្ពុជាបញ្ជាក់ថា នៅតែប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ជំហរថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕