ភ្នំពេញ៖ កំពូលតារាចម្រៀងរ៉េបកម្ពុជា លោក វណ្ណដា រួមជាមួយក្រុមការងារនៃ ផលិតកម្ម បារមី (Baramey Production) កាលពីរាត្រីថ្ងៃសៅរ៍ បានទទួលកិត្តិយសអញ្ជើញចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាលក្ខណៈឯកជនជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ស្រ្តីទីមួយ Brigitte Macron និងអ្នកកាសែតជើងចាស់បារាំង គឺលោកស្រី Catherine Pégard ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។
យោងតាមការចែករំលែករបស់ផលិតកម្ម បារមី នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកានេះ បានឱ្យដឹងថា ភាគីទាំងពីរបានធ្វើកិច្ចសន្ទនាផ្លាស់ប្តូរទស្សនៈស្តីពីការរីកលូតលាស់ និងសក្តានុពលនៃវិស័យតន្ត្រី សិល្បៈ និងវប្បធម៌នៅកម្ពុជា។
ផលិតកម្ម បារមី បានលើកឡើងថា ជំនួបដ៏មានអត្ថន័យនេះបានរំលឹកឡើងវិញថា តន្ត្រីពិតជាគ្មានព្រំដែនឡើយ ដោយចាប់ផ្តើមពីកម្ពុជា ឈានទៅដល់ការសម្តែងលើឆាកអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ រហូតដល់ការវិលត្រឡប់មកកាន់មាតុភូមិវិញក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ដែលបង្ហាញថាសំឡេង និងវប្បធម៌ខ្មែរកំពុងផ្សារភ្ជាប់ដួងចិត្តមនុស្សគ្រប់ជាតិសាសន៍ និងគ្រប់ជំនាន់។
ជាចុងក្រោយ ផលិតកម្ម បារមី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ម៉ា ក្រុង ស្ថានទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំងនៅកម្ពុជា (Institut français du Cambodge) ដែលបានផ្តល់កិត្តិយសអញ្ជើញ និងផ្តល់ឱកាសឱ្យក្រុមការងារបានចូលរួមចែករំលែកក្នុងរាត្រីដ៏មានតម្លៃនេះ ព្រមទាំងបានជូនពរឱ្យដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ស្រ្តីទីមួយ និងគណៈប្រតិភូទាំងអស់ ប្រព្រឹត្តទៅដោយរលូន និងពោរពេញដោយអនុស្សាវរីយ៍ល្អៗនៅកម្ពុជា៕