ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង បានរៀបចំដាក់តាំងព្រះឆាយាលក្ខណ៍ដ៏ធំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលត្រូវបានតុបតែងដោយស៊ុមពណ៌មាសយ៉ាងប្រណីត។ នៅជាប់នឹងព្រះឆាយាលក្ខណ៍នេះ ក៏មានផ្ទាំងសារមួយដែលរំលេចពីព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ក្នុងការទាមទារឯករាជ្យជូនប្រទេសកម្ពុជា ពីសាធារណរដ្ឋបារាំង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ផ្ទាំងសារនោះក៏បានបញ្ជាក់ថា ដោយសារព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លារបស់ព្រះអង្គ ប្រទេសកម្ពុជាទទួលបានឯករាជ្យទាំងស្រុង ហើយប្រជារាស្ត្រខ្មែរទូទាំងប្រទេសបានថ្វាយព្រះកិត្តិនាមដ៏ខ្ពង់ខ្ពស់ជូនព្រះអង្គថា «ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ»។
ដោយឡែក សាលារាជធានីភ្នំពេញ ក៏បានរៀបចំតុបតែងលម្អតាមដងផ្លូវ និងដំឡើងផ្ទាំងប៉ាណូធំៗនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ដោយមានរូបវិមានឯករាជ្យ និងសារអបអរសាទរខួបទី៧៣ នៃបុណ្យឯករាជ្យជាតិ ដែលត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជាមួយគ្នានេះ សាលារាជធានីភ្នំពេញក៏បានរៀបចំសម្អាតបរិវេណជុំវិញវិមានឯករាជ្យ និងបំពាក់ភ្លើងចម្រុះពណ៌ ដើម្បីលម្អសោភណភាពទីតាំងប្រវត្តិសាស្ត្រមួយនេះឱ្យកាន់តែស្រស់ស្អាត ក្នុងឱកាសបុណ្យឯករាជ្យជាតិ៕