Khmer suport khmer cc time

កម្ពុជា និងរុស្ស៊ីប្តេជ្ញាបន្តពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជា និងរុស្ស៊ី បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ។ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងពេលលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានទទួលជួបសម្ដែងការគួរសមជាមួយ លោក Markovchin Sergei មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ទទួលបន្ទុកការងារយោធា និងនយោបាយ ក្នុងឱកាសដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងជំនួបនេះ លោក វង្ស ពិសេន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ដែលនៅឆ្នាំ២០២៦នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពរុស្ស៊ី ដែលបានរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ លើជំនាញយោធាជាច្រើន។

លោក វង្ស ពិសេន បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ លើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឆបោកតាមបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព និងការធ្វើលំហាត់សមយុទ្ធយោធារួម។

ជាការឆ្លើយតប លោក Markovchin Sergei បានសម្តែងសេចក្តីរីករាយចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងរុស្ស៊ី ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ៕



Khcct banner

អត្ថបទទាក់ទង