Khmer suport khmer cc time

កងទ័ពកម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួបសម្តែងការគួរសមជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត (Antonio G. Nafarrete) ដើម្បីពិភាក្សាពីការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះលោក អង់តូនីញ៉ូ ជីណាហ្វារ៉េត ដែលទើបត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពហ្វីលីពីន ដោយចាត់ទុកថា ការតែងតាំងនេះបង្ហាញពីការជឿទុកចិត្តលើសមត្ថភាពដឹកនាំ និងការខិតខំបំពេញភារកិច្ចការពារជាតិរបស់លោក។

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដែលកាន់តែរីកចម្រើនតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការបញ្ជូនយោធាចារ្យ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។

លោកបានបង្ហាញជំនឿថា កងទ័ពទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សន្តិសុខ ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខសាយប័រ ព្រមទាំងការងារមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយ។

ក្នុងដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត ក៏គ្រោងចុះសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក អង់តូនីញ៉ូ ជីណាហ្វារ៉េត បានបង្ហាញការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

ជំនួបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងហ្វីលីពីន ក្នុងការបន្តពង្រឹងទំនាក់ទំនងយោធា និងកិច្ចសហប្រតិបត្តិការការពារជាតិ ព្រមទាំងគាំទ្រយន្តការអាស៊ាន ដើម្បីរួមចំណែករក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕


Khcct banner

អត្ថបទទាក់ទង