Swift cc time

កម្ពុជា-វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការច្បាប់ និងយុត្តិធម៌ ឈានទៅចុះកិច្ចព្រមព្រៀងរួម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជា និងវៀតណាម ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ ដោយផ្តោតលើការបញ្ចប់ការចរចា ដើម្បីឈានទៅចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ព្រមទាំងជំរុញការរៀបចំសន្និសីទរួមរវាងតុលាការខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា និងលោក Hoang Thanh Tung រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម ព្រមទាំងសហការី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលភាគីវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោក កើត រិទ្ធ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Hoang Thanh Tung និងគណៈប្រតិភូ ព្រមទាំងបានអបអរសាទរចំពោះការតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ដ៏ល្អរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Hoang Thanh Tung បានថ្លែងអំណរគុណចំពោះលោក កើត រិទ្ធ ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូ ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រសួងយុត្តិធម៌កម្ពុជា ដែលបានផ្តល់ជូនភាគីវៀតណាមនាពេលកន្លងមក។

ភាគីទាំងពីរបានពិភាក្សាលើកិច្ចការសំខាន់ៗចំនួនពីរ។ ទី១ គឺការបញ្ចប់ការចរចា និងជំរុញឱ្យមានការចុះហត្ថលេខាក្នុងពេលឆាប់ៗលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ។ ទី២ គឺការរៀបចំសន្និសីទលើកទី៣ របស់តុលាការខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម។

នៅចុងបញ្ចប់នៃជំនួប ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំ៕

Khcct banner

អត្ថបទទាក់ទង