Swift cc time

ព្រះមហាក្សត្រ ចេញព្រះរាជសារអបអរ«ទិវាគ្រូបង្រៀន» លើកសរសើរការលះបង់របស់លោកគ្រូ អ្នកគ្រូ ក្នុងការកសាងធនធានមនុស្ស សម្រាប់ប្រទេសជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចេញព្រះរាជសារអបអរសាទរ «ទិវាគ្រូបង្រៀន» ដោយលើកសរសើរគុណូបការៈ និងការលះបង់របស់លោកគ្រូ អ្នកគ្រូ ក្នុងការអប់រំ និងកសាងធនធានមនុស្សសម្រាប់ប្រទេសជាតិ។

ក្នុងព្រះរាជសារ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានមានព្រះរាជបន្ទូលថា ទិវាគ្រូបង្រៀន គឺជាទិវាដ៏មានសារៈសំខាន់សម្រាប់រំលឹកដល់គុណូបការៈរបស់លោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ក្នុងការបំពេញបេសកកម្មអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស។

ព្រះរាជសារបានលើកសរសើរថា ការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការផ្តល់ចំណេះដឹង តម្រង់ទិស បណ្តុះស្មារតី គំនិត សីលធម៌ និងគុណធម៌ដល់សិស្សានុសិស្ស និងនិស្សិត គឺជាការរួមចំណែកដ៏សំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះធនធានមនុស្ស និងការរីកចម្រើនរបស់សង្គមជាតិ។

ព្រះករុណាព្រះមហាក្សត្រ ទ្រង់ក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ឱ្យបន្តប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងបន្តអភិវឌ្ឍចំណេះដឹង សមត្ថភាព និងជំនាញវិជ្ជាជីវៈ ឱ្យស្របតាមការវិវត្តនៃសង្គម បច្ចេកវិទ្យា និងតម្រូវការរបស់យុវជនជំនាន់ក្រោយ។

ជាមួយគ្នានេះ ព្រះរាជសារបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាល និងសិស្សានុសិស្ស បន្តគាំទ្រ លើកទឹកចិត្ត និងផ្តល់តម្លៃដល់បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គ្រូបង្រៀន ដើម្បីរួមគ្នាលើកកម្ពស់គុណភាពអប់រំ និងកសាងធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាព និងសក្តានុពល សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕

Khcct banner

អត្ថបទទាក់ទង