ភ្នំពេញ៖ នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ នឹងឈានមកដល់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែតុលា។
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស កំពុងប្រារព្ធ ពិធីកាន់បិណ្ឌវេនទី៩ តាមវត្តអារាមនានា ដោយនាំចង្ហាន់ បាយសម្ល បង្អែម និងនំចំណីទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ជីដូនជីតា ឪពុកម្តាយ និងសាច់ញាតិដែលបានទទួលមរណភាព។
នៅវត្តមង្គលវ័ន ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏មានពុទ្ធបរិស័ទចូលរួមកាន់បិណ្ឌវេនទី៩ ដោយនាំចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន។
គួរបញ្ជាក់ថា ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕