Khmer suport khmer cc time

សមាគម អ.ម.ត និងសាកលវិទ្យាល័យ Concordia ចុះMoU ជ្រោមជ្រែងនិស្សិតខ្មែរបន្តការសិក្សាថ្នាក់បណ្ឌិត (PhD) នៅកាណាដា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) និងសាកលវិទ្យាល័យ Concordia នៃប្រទេសកាណាដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបើកឱកាសឱ្យនិស្សិតកម្ពុជាដែលមានសមត្ថភាពអាចបន្តការសិក្សាថ្នាក់បណ្ឌិត (PhD) នៅប្រទេសកាណាដា។

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក សុខ ពុទ្ធិវុធ អនុប្រធានសមាគម អ.ម.ត. ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោក William Cheaib អនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Concordia។

កិច្ចសហប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការពង្រីកបណ្តាញដៃគូអន្តរជាតិរបស់សមាគម អ.ម.ត. ដើម្បីជួយបង្កើនឱកាសឱ្យយុវជនកម្ពុជាទទួលបានការអប់រំ ការស្រាវជ្រាវ និងចំណេះដឹងជំនាញឯកទេសកម្រិតខ្ពស់ពីប្រទេសកាណាដា។

ការបង្កើតឱកាសសិក្សាកម្រិតខ្ពស់នេះ ក៏ជាការរួមចំណែកអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ដោយផ្តោតលើការបណ្តុះបណ្តាលអ្នកជំនាញ និងអ្នកស្រាវជ្រាវដែលមានសមត្ថភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសនាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង