កម្ពុជាបន្តលើកឡើងពីផលប៉ះពាល់នៃការប្រើប្រាស់អាវុធយោធាថៃបង្កការខូចខាតដល់ប្រាសាទព្រះវិហារ នៅលើវេទិកាអន្តរជាតិ ក្នុងប្រទេសឥណ្ឌា ដោយសង្កត់ធ្ងន់ថា ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ មិនត្រឹមតែធ្វើឱ្យខូចខាតសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់តម្លៃវប្បធម៌ អត្តសញ្ញាណជាតិ និងមរតករួមរបស់មនុស្សជាតិ។
ក្នុងឱកាសចូលរួម «វេទិកាសន្ទនាអារ្យធម៌នៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី១» (1st Shanghai Cooperation Organization (SCO) Civilizational Dialogue Forum) នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ដែលជាតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានលើកឡើងថា ប្រាសាទព្រះវិហារដែលជាបូជនីយដ្ឋានសក្ការៈដ៏មានតម្លៃ បានរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និងការបាញ់ប្រហារពីសំណាក់ប្រទេសមួយទៀត។
លោកបានបញ្ជាក់ថា ការខូចខាតបេតិកភណ្ឌវប្បធម៌ក្នុងស្ថានភាពបែបនេះ មិនមែនជាការបាត់បង់ត្រឹមតែសំណង់ស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប៉ះពាល់ដល់តម្លៃប្រវត្តិសាស្ត្រ អត្តសញ្ញាណរបស់ប្រជាជន និងការចងចាំរួមរបស់មនុស្សជាតិផងដែរ។
ជាមួយគ្នានេះ កម្ពុជាបានថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិ ដែលបានបង្ហាញសុឆន្ទៈ និងស្មារតីទទួលខុសត្រូវរួម ក្នុងការចូលរួមជួសជុល និងស្តារឡើងវិញនូវការខូចខាតដែលបានកើតឡើង ដើម្បីថែរក្សាបេតិកភណ្ឌទាំងនេះឱ្យបន្តគង់វង្សជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។
គួរបញ្ជាក់ថា «វេទិកាសន្ទនាអារ្យធម៌នៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី១» ត្រូវបានរៀបចំឡើងនៅទីក្រុងញូវដេលី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា។ វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការឱ្យតម្លៃលើមរតកអារ្យធម៌រួម ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើការអភិរក្ស ការចងក្រងឯកសារ ការសិក្សាស្រាវជ្រាវ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈការទូតវប្បធម៌៕