ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា បានបើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៥ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។ អង្គប្រជុំបានពិនិត្យ និងឱ្យយោបល់លើរបៀបវារៈសំខាន់ចំនួន៥ ក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៤ និងការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមួយរបស់ព្រឹទ្ធសភា។
របៀបវារៈទី១ ដល់ទី៣ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ «ពិធីសារសេប៊ូ ធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍» សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។
សេចក្តីព្រាងច្បាប់ទាំង៣ ត្រូវបាន លោកបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា ឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការពិនិត្យសិក្សា។ បន្ទាប់ពីមានសមាជិកព្រឹទ្ធសភា ១រូប ចូលរួមផ្តល់យោបល់ និងមានការឆ្លើយបំភ្លឺពី លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គប្រជុំបានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំង៣ ដោយឥតកែប្រែ ក្នុងសំឡេង ៥៦ លើ ៥៦។
សម្រាប់របៀបវារៈទី៤ អង្គប្រជុំបានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានលោកស្រីបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា រាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សា ខណៈសមាជិកព្រឹទ្ធសភា ៥រូប បានចូលរួមផ្តល់យោបល់ និងមានការឆ្លើយបំភ្លឺពី លោក កើត រិទ្ធ។
ក្រោយការពិភាក្សា អង្គប្រជុំបានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ ដោយឥតកែប្រែ ក្នុងសំឡេង ៥៦ លើ ៥៦។
ចំណែករបៀបវារៈទី៥ ព្រឹទ្ធសភាបានបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា នីតិកាលទី៥។
ជាលទ្ធផល អង្គប្រជុំបានបោះឆ្នោតជ្រើសរើស លោកជំទាវ ទេព្វ សំអូន ជាសមាជិកគណៈកម្មការខាងលើ នៃព្រឹទ្ធសភា នីតិកាលទី៥។ ការជ្រើសរើសនេះធ្វើឡើងបន្ទាប់ពីលោកស្រី ទេព្វ សំអូន ត្រូវបានព្រឹទ្ធសភាទទួលស្គាល់ជាសមាជិកថ្មីនៃនីតិកាលទី៥ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយផ្តោតលើការពិនិត្យ និងផ្តល់យោបល់លើក្របខណ្ឌច្បាប់ពាក់ព័ន្ធនឹងកិច្ចការអន្តរជាតិ យុត្តិធម៌ និងវិស័យវិជ្ជាជីវៈមេធាវី ព្រមទាំងការបំពេញសមាសភាពគណៈកម្មការរបស់ព្រឹទ្ធសភា៕