Swift cc time

សម្តេច ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក មហាធៀរ និងក្រុមគ្រួសារ ចំពោះមរណភាព ភរិយាជាទីស្រលាញ់របស់លោក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកវេជ្ជបណ្ឌិត Tun Dr. Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងក្រុមគ្រួសារ ចំពោះមរណភាព ភរិយាជាទីស្រលាញ់របស់លោក គឺ លោកស្រីវេជ្ជបណ្ឌិត Tun Dr. Siti Hasmah Mohamad Ali ក្នុងជន្មាយុ១០០ឆ្នាំ។

ខ្លឹមសារក្នុងលិខិត បានបង្ហាញពីសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក ក្រោយបានទទួលដំណឹងអំពីមរណភាព នៃភរិយាជាទីស្រឡាញ់របស់លោកវេជ្ជបណ្ឌិត Tun Dr. Mahathir Mohamad គឺលោកស្រីវេជ្ជបណ្ឌិត Tun Dr. Siti Hasmah Mohamad Ali ដែលជាវេជ្ជបណ្ឌិត, អ្នកត្រួសត្រាយផ្លូវ និងអ្នកតស៊ូមតិសុខភាពសាធារណៈជាទីគោរពដ៏ ខ្ពង់ខ្ពស់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងជន្មាយុ១០០ឆ្នាំ នៅរាជធានីគូឡាឡាំពួរ។

ក្នុងនាមព្រឹទ្ធសភាកម្ពុជា និងសម្តេចផ្ទាល់ សម្តេចសូមចូលរួមរំលែក នូវសេចក្តីអាណិតអាសូរដ៏ជ្រាលជ្រៅ និងសមានទុក្ខដ៏ក្រៀមក្រំជាមួយលោកវេជ្ជបណ្ឌិត ក្រុមគ្រួសារ ព្រមទាំងរាជរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ីទាំងមូល ចំពោះការបាត់បង់ដ៏ធំធេងនូវអ្នកដឹកនាំឆ្នើម និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលបានលះបង់ពេញមួយជីវិតរបស់លោកស្រីវេជ្ជបណ្ឌិត បម្រើសាធារណៈដោយបានបម្រើការងារដោយមិនអាត្មានិយមក្នុងតួនាទីជាវេជ្ជបណ្ឌិត ព្រមទាំងតស៊ូមតិដើម្បី លើកកម្ពស់សុខភាពមាតា អក្ខរកម្ម ការបង្ការការប្រើប្រាស់គ្រឿងញៀន និងសុខភាពផ្លូវចិត្ត ជាដើម។

សម្តេច ហ៊ុន សែន ចាត់ទុកកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការលះបង់ដ៏ធំធេងរបស់លោកស្រីវេជ្ជបណ្ឌិត Tun Dr. Siti Hasmah Mohamad Ali បានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើទំនើបភាវូបនីយកម្ម វិស័យគាំពារសុខភាពម៉ាឡេស៊ី ដោយបានចូលរួមចំណែកដ៏ធំធេងដល់វឌ្ឍនភាពរីកចម្រើនគួរឱ្យកត់ សម្គាល់ដែលប្រជាជាតិម៉ាឡេស៊ីទទួលបានរហូតបច្ចុប្បន្ននេះ។ លោកស្រីវេជ្ជបណ្ឌិត និងមរតករបស់គាត់ នឹងត្រូវបានចងចាំដោយប្រជាជនជាច្រើនជំនាន់។ សូមវិញ្ញាណក្ខន្ធ លោកស្រីវេជ្ជបណ្ឌិត Tun Dr. Siti Hasmah Mohamad Ali ទៅកាន់សុគតិ ភពកុំបីឃ្លៀងឃ្លាតឡើយ៕

Khcct banner

អត្ថបទទាក់ទង