Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រព័ន្ធទឹកស្អាតសហគមន៍រាំងខ្វាវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី២៥មីនាតទៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ប្រព័ន្ធទឹកស្អាតសហគមន៍រាំងខ្វាវ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅទីតាំងសហគមន៍រាំងខ្វាវផ្ទាល់ ដែលស្ថិតក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយមានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម KURIBAYASHI Takanori លេខាធិការ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។

យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តម KURIBAYASHI Takanori លេខាធិការនៃស្ថានទូតជប៉ុន ប្ចាំប្រទេសកម្ពុជា បានថ្លែងថា វិស័យទឹកស្អាត និងអនាម័យ ជាវិស័យអាទិភាពមួយ នៅក្នុងជំនួយអភិវឌ្ឍន៍របស់ជប៉ុន សម្រាប់ប្រទេសកម្ពុជា។ គម្រោងផ្សេងៗជាច្រើន សម្រាប់ការកែលម្អប្រព័ន្ធទឹកស្អាត ត្រូវបានអនុវត្តតាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលជប៉ុន ដែលរួមមានជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ឬជំនួយឥតសំណងគូសាណូណិ (KUSANONE) ដែលគាំទ្រដល់ការសាងសង់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅទីនេះ។

ឯកឧត្តមបានបន្តថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយឱ្យប្រជាជននៅក្នុងភូមិ ទទួលបានទឹកស្អាតប្រើប្រាស់ បានកាន់តែប្រសើរជាងមុន ដែលនឹងជួយកែលម្អ ស្ថានភាពសុខភាពរបស់ពួកគាត់។ ហើយយើងរំពឹងថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងត្រូវបានថែរក្សាបានយ៉ាងល្អ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ រួមទាំងសិស្សានុសិស្ស អាចបរិភោគទឹកដែលមានសុវត្ថិភាព និងបង្កើតចំណេះដឹងរបស់ពួកគេអំពីអនាម័យ។

បន្ថែមពីនេះ ឯកឧត្តម KURIBAYASHI Takanori សង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងក្លាយជានិមិត្តរូប នៃចំណងមិត្តភាពរវាងប្រទេស ជប៉ុន-កម្ពុជា និងពង្រឹងទំនាក់ទំនងរបស់ប្រជាជន នៃប្រទេសទាំងពីរបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង