ភ្នំពេញ៖ សមាគមអ្នកនិពន្ធខ្មែរ សហការជាមួយបណ្ណាល័យបញ្ញាវ័ន្ត និងបណ្ដាស្ថាប័ន គ្រឹះស្ថានបោះពុម្ពផ្សាយ ដៃគូមួយចំនួន រៀបចំប្រារព្ធ ទិវាសៀវភៅកម្ពុជា លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។
កម្មវិធីទិវាសៀវភៅកម្ពុជាក៏ជាយុទ្ធនាការក្នុងការអបអរសាទរខួប២៥ឆ្នាំ នៃទិវាសៀវភៅពិភពលោក (World Book Day)។ ទិវាសៀវភៅពិភពលោកបង្កើតឡើង ដោយអង្គការយូណេស្កូបនៅ ថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៥ និងប្រទេសជាង១០០បានចូលរួមយុទ្ធនាការនេះ។
កម្មវិធីនេះនឹងមានការតាំងពិព័រណ៍សៀវភៅ៤៨ ស្តង់ រួមមានគ្រឹះស្ថានបោះពុម្ព បណ្ណាគារ ហាងលក់សៀវភៅអនឡាញ បណ្ណាល័យ អ្នកនិពន្ធ អ្នកផ្សព្វផ្សាយសៀវភៅ អ្នកចែកចាយសៀវភៅ សមាគម ស្ថាប័នសិល្បៈ និងវប្បធម៌ជាដើម។
ក្នុងនោះក៏មានយុទ្ធនាការចែកសៀវភៅប្រមាណ ១០០០ក្បាល និងមានបញ្ចុះតម្លៃរហូតដល់ ៧០% ដើម្បីចូលរួមលើកកម្ពស់ការអាន ពិសេសសម្រាប់ អ្នកដែលគ្មានលទ្ធភាពទិញសៀវភៅ។ ពិសេសជាងនេះទៅទៀត កម្មវិធីនេះក៏មានការចូលរួមពី អ្នកនិពន្ធសៀវភៅល្បីៗ និងគ្រឹះស្ថានបោះពុម្ភផ្សាយធំៗក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕