ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋ យករថយន្តទៅពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានទៀងទាត់ ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ ដោយបានគូសបញ្ជាក់ថា ម្ចាស់យានជំនិះប្រមាណ៥០០ពាន់គ្រឿងមិនទាន់យកទៅពិនិត្យនៅឡើយទេ។
មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ជំនាន់ទី២ រាជធានីភ្នំពេញ នាថ្ងៃទី២៨ មីនា ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា មានយានជំនិះចំនួន៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើយ និងបាន អំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់យានជំនិះទាំងនោះប្រញាប់យកយានជំនិះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់និងទាន់ពេលវេលាដើម្បីសុវត្ថិភាពរបស់លោកអ្នក និងអ្នករួមដំណើរ តាមដងផ្លូវផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរទៅបងប្អូនប្រជាពលរដ្ឋជាអ្នកបើកបរ ដែលមានបណ្ណបើកបរផុតសុពលភាព មិនទាន់យកមកប្តូរ ឬពន្យារបណ្ណបើកបរ សូមមកប្ដូរ ឬពន្យារ បណ្ណបើកបររបស់ខ្លួនឱ្យស្របច្បាប់ដើម្បីជៀសវាងការផាកពិន័យនៅពេលបើកបរនៅតាមផ្លូវ។ ម្យ៉ាងវិញ ទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតមជ្ឈមណ្ឌលផ្ដល់សេវាប្រភេទនេះនៅក្នុងទីស្តី ការក្រសួង និងតាមផ្សារទំនើបនានា ដោយបងប្អូនគ្រាន់តែចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ នឹងទទួលបាន សេវានេះដោយការពេញចិត្ត៕