
ភ្នំពេញ៖ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីសម្ពោធនេះមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនាឆ្នាំ២០២០ និងបានគ្រោងបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបានពន្យាពេលទៅដើមឆ្នាំ២០២២វិញ ។
ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេសនិងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។
អគារថ្មីនៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ដែលជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ KOICA នេះកើតចេញពីផ្លែផ្កានៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ៕

