Yearendyearend1140x150

សម្តេច ហ៊ុន សែន លើកទឹកចិត្តក្រុមហ៊ុនចិនសហការជាមួយក្រសួងប្រៃសណីយ៍ ធ្វើឲ្យកម្ពុជាមានបច្ចេកវិទ្យាចុងក្រោយបំផុត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ SPM Page

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលបានទទួលជួបពិភាក្សាការងារ ជាមួយលោក លីន បៃហ្វេង (Lin Baifeng) ប្រធានក្រុមហ៊ុន HUAWEI ប្រចាំតំបន់ប៉ាស៊ីហ្វិក នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានលើកទឹកចិត្តក្រុមហ៊ុនចិនមួយនេះ បន្តសហការជាមួយក្រសួងប្រៃសណីយ៍កម្ពុជា ធ្វើយ៉ាងឲ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុត។

សម្តេចតេជោបានស្វាគមន៍ និងលើកទឹកចិត្តដល់លោក លីន បៃហ្វេង ក្នុងការបន្តធ្វើការជាមួយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបន្តធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវសុវត្ថិភាព និងអធិបតេយ្យភាព ព័ត៌មានផង និងមានការប្រកួតប្រជែងលើពិភពលោកផង។

លោក លីន បៃហ្វេង បានមានប្រសាសន៍ថា សេដ្ឋកិច្ចឌីជីថលនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។ កម្ពុជាមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ។ ក្នុងន័យនេះ លោកសូមគោរពសុំការគាំទ្រពីសម្ដេចតេជោ ចូលរួមចំណែកអភិវឌ្ឍន៍វិស័យព័ត៌មានវិទ្យា តាមរយៈការអភិវឌ្ឍធនធានមនុស្ស នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោក លីន បៃហ្វេង ក៏បានផ្តល់ជូនសម្ដេចតេជោនូវគ្រឿងបរិក្ខារ ដែលមានជាក្តាដែលអាចសរសេរបាន ក្តាដែលអាចតភ្ជាប់ដើម្បីទំនាក់ទំនងតាមប្រព័ន្ធវីដេអូ ចំនួន១០០ និងកុំព្យូទ័រចំនួន ៥០០គ្រឿង សម្រាប់ប្រើប្រាស់តាមតម្រូវការ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក លីន បៃហ្វេង ដែលកន្លងមកបានផ្ដល់ជូនកម្ពុជានូវគ្រឿងបរិក្ខាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងនៅពេលនេះ បានផ្តល់ជូននូវគ្រឿងបរិក្ខាសម្រាប់ការតភ្ជាប់ការប្រជុំតាមប្រព័ន្ធវីដេអូផង និងកុំព្យូទ័រ ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង