![](https://cdn.cc-times.com/kh.cc-times.com/media/2126/large/Image00001D11gg1B1.jpg?1589873222)
ចិន៖ រហូតមកដល់ពេលនេះ អ្នកឆ្លងជំងឺរលាកសួតប្រភេទថ្មីកូវីដ-១៩ មានចំនួនជាង០៤លាននាក់ នៅទូទាំងពិភពលោក។ ការស្រាវជ្រាវ និងផលិតបានវ៉ាក់សាំងដែលមានប្រសិទ្ធិភាព ជាវិធីល្អបំផុត ដើម្បីគ្រប់គ្រងស្ថានកាលនៃការរីករាលដាល នាពេលអនាគត។ ប្រធានាធិបតីនៃប្រទេសចិន លោក ស៊ី ជីនពីង សន្យាបន្ទាប់ពីបង្កើតវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ទទួលបានជោគជ័យ វ៉ាក់សាំងនោះត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក។ យោងទៅតាមការថ្លែងរបស់លោក ស៊ី ជីនពីង ក្នុងសន្និសីទពិភពលោករបស់អង្គការសុខភាពពិភព កាលពីម្សិលមិញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។
នៅក្នុងសន្និសីទនោះ លោក ស៊ី ជីនពីង បានសន្យាយ៉ាងមុតមាំថា «បន្ទាប់ពីទទួលបានជោគជ័យនៃការបង្កើតវ៉ាក់សាំងការពារមេរោគកូវីដ១៩ វានឹងត្រូវបានប្រើជាផលិតផលសាធារណៈទូទាំងពិភពលោក ដើម្បីនាំមកនូវផលប្រយោជន៍ដល់ពិភពលោកទាំងមូល»។
បន្តពីនេះទៀត លោក ស៊ី បានសន្យាយ៉ាងមុតមាំថា បន្ទាប់ពីវ៉ាក់សាំងត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់ វានឹងក្លាយជាផលិតផលសាធារណៈទូទាំងពិភពលោក វានឹងក្លាយជាការចូលរួមវិភាគទានរបស់ប្រទេសចិនចំពោះការជួយប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩នេះ។ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ មានភាពស្រួចស្រាវ នៅពេលបង្កើតបានវ៉ាក់សាំងការពារ វ៉ាក់សាំងទាំងនោះ នឹងក្លាយជាផលិតផលដែលត្រូវដណ្តើមគ្នាជាក់ជាមិនខាន ដែលនេះពិតជាមិនអំណោយផលដល់ការគ្រប់គ្រងជំងឺរាតត្បាតជាសកលនេះទេ។
សូមបញ្ជាក់ថា យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានអោយដឹងថា បច្ចុប្បន្ននេះមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ០៨ ដែលកំពុងត្រូវបានធ្វើការស្រាវជ្រាវ និងផលិត ក្នុងនោះមានវ៉ាក់សាំងចំនួន ០៤ ត្រូវបានធ្វើការស្រាវជ្រាវ និងផលិតនៅក្នុងប្រទេសចិន និងវ៉ាក់សាំងចំនួន ០៣ទៀត គឺនៅសហរដ្ឋអាមេរិក និង ចំនួន ០១ទៀត ត្រូវបានធ្វើការស្រាវជ្រាវ និងផលិតនៅប្រទេសអង់គ្លេស។ ប៉ុន្ដែវ៉ាក់សាំងដែលកំពុងនាំមុខក្នុងការស្រាវជ្រាវ និងផលិតគឺប្រទេសចិន៕