ប្រេស៊ីល៖ បុរសជនជាតិប្រេស៊ីលម្នាក់ បានលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ ដើម្បីយកប្រាក់ធ្វើដំណើរចម្ងាយជាង ១,២០០ម៉ាយ (ជិត ២,០០០គីឡូម៉ែត្រ) ទៅជួបស្ត្រីម្នាក់ដែលខ្លួនស្គាល់អស់រយៈពេល៦ឆ្នាំ និងប៉ងចង់រៀបការជាមួយ ប៉ុន្តែចុងក្រោយបែរជាត្រូវខកចិត្ត បន្ទាប់ពីដឹងថា នារីក្នុងសុបិនរូបនោះគ្រាន់តែជារូបភាពបង្កើតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប៉ុណ្ណោះ។
យោងតាមកាសែត The New York Post លោក Edimar Martins អាយុ ៤៩ឆ្នាំ ជាជាងសំណង់ រស់នៅក្នុងរដ្ឋ Maranhão បានរៀបរាប់ថា រូបលោកបានស្គាល់គណនីបណ្តាញសង្គមរបស់ស្ត្រីម្នាក់ឈ្មោះ Jéssica Oliveria តាំងពីឆ្នាំ២០២០ ហើយដោយសារតែភាពឯកោ លោកក៏បានលក់ទ្រព្យសម្បត្តិទាំងអស់ដើម្បីជិះរថយន្តក្រុងទៅកាន់ក្រុង Belo Horizonte ក្នុងបំណងជួបមុខ និងរៀបការជាមួយនាង។
នៅពេលទៅដល់ទីក្រុង Belo Horizonte កាលពីថ្ងៃទី១១ ខែតុលា លោក Martins ស្វែងរកនាងមិនឃើញសោះ ហើយនៅពេលលោកទៅពឹងពាក់ស្ថានីយវិទ្យុក្នុងស្រុកឱ្យជួយស្វែងរក ទើបគេប្រាប់ថាគណនីនោះជាព័ត៌មានក្លែងក្លាយ និងគ្មានមនុស្សស្រីឈ្មោះនោះឡើយ។ បន្ទាប់ពីអស់ប្រាក់ពីខ្លួន លោកបានប្រាប់រឿងរ៉ាវទៅប្រាប់មន្ត្រីសង្គមកិច្ចនៅសាលាក្រុង Belo Horizonte។ អាជ្ញាធរក៏បានជួយឧបត្ថម្ភសំបុត្រធ្វើដំណើរឱ្យរូបលោកត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន។
ម្ចាស់គណនី TikTok ឈ្មោះ @JessicaFazendeira ដែលមានអ្នកតាមដាន ៣០ម៉ឺននាក់ បានចេញមុខបកស្រាយថា តួអង្គនារីនោះពិតជាត្រូវបានបង្កើតឡើងដោយ AI ដើម្បីទាក់ទាញអ្នកមើល (Engagement) និងការលក់តែប៉ុណ្ណោះ និងពុំដែលបានទាក់ទងសារផ្ទាល់ ឬល្បួងលោក Martins ឱ្យធ្វើដំណើរមកជួបនោះទ៕