ហាណូយ៖ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានដាក់ស្នើវិធានការឆ្លើយតបអាសន្នជាបន្ទាន់ទៅកាន់នាយករដ្ឋមន្ត្រី ដោយស្នើឱ្យសាលារៀនគ្រប់កម្រិតប្តូរទៅបង្រៀនតាមអនឡាញ និងផ្អាកសកម្មភាពការដ្ឋានសំណង់ដែលបង្កើតធូលីដីនៅក្នុងតំបន់ទីប្រជុំជន និងទីក្រុង បន្ទាប់ពីកម្រិតភាគល្អិតពុល PM2.5 បានកើនឡើងដល់កម្រិតគ្រោះថ្នាក់នៅក្នុងខេត្ត-ក្រុងភាគខាងជើងចំនួន ៨។
យោងតាមការចេញផ្សាយរបស់កាសែត Tuoi Tre News ខេត្ត-ក្រុងភាគខាងជើងចំនួន ៨ រួមមាន៖ រដ្ឋធានីហាណូយ, ហៃហ្វុង, ក្វាងនីញ, ហឹងយ៉េន, បាក់នីញ, និញប៊ិញ, ភូថោះ និងថៃង្វៀន។ សេចក្តីព្រាងវិធានការនេះ ធ្វើឡើងបន្ទាប់ពីកម្រិតភាគល្អិតពុល PM2.5 នៅក្នុងតំបន់ទាំងនេះបានកើនឡើងលើសកម្រិតសុវត្ថិភាពជាតិរហូតដល់ជិត ៤០% នៃចំនួនថ្ងៃសរុប ដោយតម្រូវឱ្យមានការបែងចែកកម្រិតប្រកាសអាសន្នជាពីរ គឺកម្រិតអាសន្នពណ៌លឿង និងពណ៌ក្រហម នៅពេលសន្ទស្សន៍គុណភាពខ្យល់ (VN_AQI) ឡើងដល់កម្រិតគ្រោះថ្នាក់ ចាប់ពី ៣០១ ឡើងទៅ។
ប្រភពដដែលបានរាយការណ៍ថា ក្នុងករណីឈានដល់ «ការប្រកាសអាសន្នពណ៌ក្រហម» វិធានការម៉ឺងម៉ាត់ជាច្រើននឹងត្រូវដាក់ឱ្យអនុវត្តភ្លាមៗ រួមមាន៖ ការតម្រូវឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត (ចាប់ពីមត្តេយ្យដល់ឧត្តមសិក្សា) ប្តូរទៅរៀនតាមប្រព័ន្ធអនឡាញទាំងស្រុង, ការតម្រូវឱ្យមន្ត្រីរាជការ និងបុគ្គលិកសាធារណៈដែលមិនមានភារកិច្ចជួបប្រជាពលរដ្ឋផ្ទាល់ ផ្លាស់មកធ្វើការពីផ្ទះ (Remote Work), ព្រមទាំងការផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពការដ្ឋានសំណង់ទាំងឡាយណាដែលបង្កើតធូលីដីនៅក្នុងតំបន់ទីប្រជុំជន និងទីក្រុង។
រដ្ឋាភិបាលវៀតណាម ក៏គ្រោងនឹងរឹតបន្តឹងការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ដើរដោយម៉ាស៊ូត (ទម្ងន់ចាប់ពី ៣តោនឡើង) នៅម៉ោងកកស្ទះចរាចរណ៍ ជំរុញឱ្យប្រជាពលរដ្ឋកាត់បន្ថយការជិះម៉ូតូផ្ទាល់ខ្លួនដោយងាកមកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ព្រមទាំងហាមឃាត់ការដុតសំរាមការដុតកល់ស្រូវ/ចំបើងក្នុងស្រែ និងការដុតក្រដាសសែន ឬពិធីសាសនាដែលបង្កើតផ្សែងពុលក្នុងទីសាធារណៈ។ អាជ្ញាធរវៀតណាម នឹងបង្កើនការផ្តល់ជូនឧបករណ៍ការពារសុខភាព ដូចជាម៉ាស ជូនដល់កម្មករធ្វើការក្រៅផ្ទះ និងប្រជាពលរដ្ឋក្រីក្រផងដែរ៕