រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីលទ្ធភាពនៃការរៀបចំជំនួបកំពូលត្រីភាគីមួយ ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជីនពីង នៅក្រៅកិច្ចប្រជុំកំពូល APEC ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសិនជិន ប្រទេសចិន នាថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចពិភាក្សាដែលអាចកើតមានឡើងរវាងទីក្រុងមូស្គូ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនេះ អាចនឹងផ្តោតលើការស្វែងរកច្រកចេញដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែជំនួបនេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងដោយគ្មានវត្តមាន ឬការចូលរួមពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ឡើយ។
បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានបញ្ជាក់ថា ជំនួបនេះគ្រាន់តែជាការលើកឡើងតែប៉ុណ្ណោះរបស់លោកប្រធានាធិបតី ហើយមិនទាន់មានកិច្ចព្រមព្រៀង ឬរបៀបវារៈជាក់លាក់ណាមួយត្រូវបានដាក់ស្នើនៅឡើយទេ។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានថ្លែងកាលពីថ្ងៃចន្ទ ទី១៩ ខែតុលា ថា លោកបើកចំហចំពោះរាល់ជំនួប ឬសកម្មភាពទាំងឡាយណាដែលអាចជួយបញ្ចប់សង្គ្រាមនេះបាន ទោះជាមិនទាន់មានការសម្រេចចិត្តផ្លូវការណាមួយក៏ដោយ។ លោក ត្រាំ ក៏បានរិះគន់លោក ហ្សេឡេនស្គី លើបណ្តាញសង្គម Truth Social ថាមិនចង់បញ្ចប់សង្គ្រាម និងបានចោទប្រកាន់អ៊ុយក្រែនថាកំពុងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មអាម៉េរិក តាមរយៈការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អាន់ឌ្រី ស៊ីប៊ីហា (Andrii Sybiha) បានចេញមុខរិះគន់យ៉ាងខ្លាំងចំពោះគំនិតនៃការរៀបចំជំនួបដោយគ្មានអ៊ុយក្រែន ដោយលោកបានព្រមានថា កិច្ចប្រជុំត្រីភាគីរវាងរុស្ស៊ី ចិន និងអាម៉េរិក នឹងមិនអាចនាំមកនូវសន្តិភាពឡើយ ប៉ុន្តែវាមានតែជំរុញឱ្យលោក ពូទីន បន្តធ្វើសង្គ្រាមបន្ថែមទៀត៕