Khmer suport khmer cc time

កសិករហ្វីលីពី២នាក់ យកការប្រកួត«មុជទឹកទប់ដង្ហើម»ដើម្បីដោះស្រាយជម្លោះដីធ្លី ក្រោយអាជ្ញាធរដោះស្រាយមិនចេញ ចុងក្រោយដាច់ខ្យល់ស្លាប់ទាំងពីរនាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ហ្វីលីពីន៖ កសិករ២នាក់ នៅប្រទេសហ្វីលីពីន បានសម្រេចចិត្តយកការប្រកួតគ្នាដោយ «មុជទឹកទប់ដង្ហើម» ដើម្បីកំណត់យកអ្នកឈ្នះក្នុងជម្លោះដីធ្លីមួយ ក្រោយពួកគាត់រង់ចាំដំណោះស្រាយពីអាជ្ញាធរយូរពេក។ប៉ុន្តែការប្រកួតដ៏គ្រោះថ្នាក់នេះ បានបញ្ចប់ដោយសោកនាដកម្ម បន្ទាប់ពីអ្នកទាំងពីរលង់ទឹកស្លាប់។នេះបើយោងតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី «sinchew daily» នៅថ្ងៃទី ១៦ តុលា ២០២៦។

ហេតុការណ៍នេះ បានកើតឡើង នៅក្រុងអាឡាបែល (Alabel) ខេត្តសារ៉ាងហ្គានី (Sarangani) ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយកសិករទាំងពីរនាក់នេះ មានជម្លោះពាក់ព័ន្ធដីធ្លី ហើយធ្លាប់ស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួល ប៉ុន្តែមិនអាចរកដំណោះស្រាយបាន។

ចុងក្រោយពួកគេទាំងពីរនាក់ បានសម្រេចប្រើវិធីបែបប្រពៃណីមួយហៅថា «ស៊ូលីហ្វ» (Sulif) ដោយប្រកួតមុជទឹកទប់ដង្ហើម ដើម្បីកំណត់ថា អ្នកណាជាអ្នកឈ្នះ ក្នុងជម្លោះដីធ្លីនេះ។កសិករទាំងពីរនាក់ បានមុជចូលក្នុងទឹក ហើយគ្មាននរណាម្នាក់ព្រមចុះចាញ់ឡើយ។ពួកគេបានទប់ដង្ហើមនៅក្រោមទឹកអស់រយៈពេលប្រមាណ១២នាទី រហូតដល់ដាច់ខ្យល់ស្លាប់ទាំងពីរនាក់។

មុខស្លាប់ កសិករទាំងពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតបានឡើយ។ ក្នុងនោះ ម្នាក់ត្រូវបានប្រកាសថាស្លាប់ពេលទៅដល់មន្ទីរពេទ្យ ខណៈម្នាក់ទៀតបានស្លាប់ប៉ុន្មាននាទីក្រោយមក ហើយជម្លោះដីធ្លីដែលដំបូងគ្រាន់តែជាការខ្វែងគំនិតគ្នា បានប្រែក្លាយជាសោកនាដកម្មដែលធ្វើឱ្យមនុស្ស២នាក់បាត់បង់ជីវិត៕

Khcct banner

អត្ថបទទាក់ទង