អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបានដាក់ចេញនូវវិធានការថ្មីមួយ ដោយអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានមានអំណាចពិន័យជាប្រាក់រហូតដល់ ១០០ ផោន (133$) លើអ្នកដំណើរទាំងឡាយណាដែលបើកភ្លេង ឬវីដេអូខ្លាំងៗនៅលើឡានក្រុង។ គោលនយោបាយនេះធ្វើឡើងក្នុងគោលបំណងបង្ក្រាបអាកប្បកិរិយាប្រឆាំងសង្គម ដូចជាការលេងភ្លេងរំខានគេ ការចោលសំរាមពាសវាលពាសកាល និងការគំរាមកំហែងផ្សេងៗ ដើម្បីកែលម្អបទពិសោធន៍នៃការធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈឱ្យកាន់តែមានសុវត្ថិភាព និងភាពងាយស្រួល។
យោងតាមការចេញផ្សាយរបស់ BBC រដ្ឋាភិបាលក៏បានចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិមួយក្រោមប្រធានបទ «ចែករំលែកការដឹកជញ្ជូន មិនមែនសំឡេងរំខាន» នៅតាមបណ្តាញរថភ្លើងទូទាំងប្រទេស។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោកស្រី Heidi Alexander បានបញ្ជាក់ថា ការផ្លាស់ប្តូរឥរិយបថតូចតាចទាំងនេះ នឹងជួយឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ អាជ្ញាធរបានបញ្ជាក់ច្បាស់ថា អ្នកបើកបរឡានក្រុងនឹងមិនតម្រូវឱ្យចេញមុខដោះស្រាយ ឬប្រឈមមុខជាមួយជនល្មើសដោយផ្ទាល់ឡើយ ប៉ុន្តែការអនុវត្តច្បាប់ និងការផាកពិន័យនេះ នឹងត្រូវធ្វើឡើងដោយមន្ត្រីមានសមត្ថកិច្ច មន្ត្រីសុវត្ថិភាពដឹកជញ្ជូន និងប៉ូលីសដឹកជញ្ជូនអង់គ្លេស (BTP) ដែលអ្នកដំណើរអាចរាយការណ៍ ឬផ្ញើសារសុំជំនួយបាន៕