អាម៉េរិក៖ រថយន្តស្ព័រអគ្គិសនី Roadster ស៊េរីថ្មីរបស់ក្រុមហ៊ុន Tesla ដែលមានសមត្ថភាព «ហោះហើរ» អាចនឹងតម្រូវឱ្យអ្នកបើកបរមានប័ណ្ណបើកបរយន្តហោះ (Pilot's License) និងប័ណ្ណអនុញ្ញាតពិសេសបន្ថែមលើប័ណ្ណបើកបរធម្មតា ដើម្បីអាចបញ្ជាយាននេះបាន។ យោងតាមសារព័ត៌មាន Wired បានរាយការណ៍កាលពីថ្ងៃសុក្រថា យានយន្តដែលអាចបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលតិចជាងមួយវិនាទី និងអាចហោះឡើងលើអាកាសបានមួយនេះ នឹងត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិពិសេស និងច្បាប់ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីអាជ្ញាធរអាកាសចរណ៍។
បើតាមសារព័ត៌មានដដែល ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីការបង្ហាញសមត្ថភាពសាកល្បងកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុង McGregor រដ្ឋ Texas ដែលរថយន្ត Roadster ដើរដោយប្រព័ន្ធបញ្ជារក្សាសុវត្ថិភាពពីចម្ងាយ (គ្មានមនុស្សជិះ) បានប្រើប្រាស់ប្រព័ន្ធរុញច្រានដោយឧស្ម័នត្រជាក់ (cold gas thrusters) ស្រដៀងនឹងរ៉ុក្កែត ដើម្បីបើកបរជម្រាលកោង ហោះផុតពីដីកម្ពស់ប្រហែល ១២ ហ្វីត (ជិត ៤ ម៉ែត្រ) រំលងជួររថយន្តជាច្រើន និងបង្វិលខ្លួនចុះចតដោយសុវត្ថិភាព។
អតីតមន្ត្រី និងអ្នកជំនាញមកពី រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានបញ្ជាក់ថា ឱ្យតែយាន ឬម៉ាស៊ីនណាដែលហោះផុតពីផ្ទៃផែនដី គឺស្ថិតនៅក្រោមសិទ្ធិអំណាចត្រួតពិនិត្យរបស់ FAA ទាំងស្រុង ដែលដំណើរការពិនិត្យតាមដាន និងអនុម័តអាចនឹងត្រូវចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំ។
គួររម្លឹកថានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានសម្តែងក្តីរីករាយយ៉ាងខ្លាំងចំពោះការសាកល្បងនេះដោយបញ្ជាក់នៅលើបណ្តាញសង្គម X ថា «អនាគតពិតជាមានរថយន្តហោះមែន»។ក្រុមហ៊ុន Tesla បានឱ្យដឹងថា ការផលិតរថយន្ត Roadster នេះនឹងមិនទាន់ចាប់ផ្តើមរហូតដល់ឆ្នាំ ២០២៨ ខាងមុខនោះទេ ហើយអតិថិជនដែលចង់បាន និងត្រូវដាក់ប្រាក់កក់ចំនួន ៥០,០០០ ដុល្លារជាមុន៕