បារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងទៅកាន់ប្រជាជាតិទាំងមូលកាលពីល្ងាចថ្ងៃអាទិត្យ ទី១៨ ខែតុលា ដោយបានប្តេជ្ញានាំយកបុគ្គលទាំងឡាយណាដែល «ប៉ុនប៉ងផ្តួលរំលំសាធារណរដ្ឋ» មកទទួលខុសត្រូវចំពោះមុខច្បាប់។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំមួយ ដែលដើមឡើយធ្វើឡើងដោយសន្តិវិធី បានផ្ទុះទៅជាអំពើកុបកម្ម និងហិង្សាដ៏ធ្ងន់ធ្ងរនៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា រហូតបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់បាត់បង់ជីវិត និងទ្រព្យសម្បត្តិដ៏មានតម្លៃជាច្រើនទៀតរងការបំផ្លិចបំផ្លាញមិនធ្លាប់មានត្រឹមតែប៉ុន្មានថ្ងៃ។
យោងតាមរបាយការណ៍របស់ CNN នៅក្នុងថ្លែងការណ៍ដ៏ក្ដៅគគុក លោក ម៉ាក្រុង បានបញ្ជាក់ថា គ្មានហេតុផលណាមួយអាចយកមកដោះសារចំពោះអំពើហិង្សានេះបានឡើយ ហើយច្បាប់នឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងបំផុតលើអ្នកដែលបានបំផ្លាញទ្រព្យសម្បត្តិ លួចប្លន់ និងបង្កចលាចល។ លោកបានបញ្ជាក់ថា អំពើហិង្សាទាំងនេះបង្កឡើងដោយ «ក្រុមឆ្វេងនិយមជ្រុល រួមជាមួយក្រុមឧក្រិដ្ឋជន» ប៉ុន្តែលោកក៏បានបែងចែកច្បាស់រវាងក្រុមបង្កចលាចល និងប្រជាពលរដ្ឋរាប់សែននាក់ដែលបានចេញមកតវ៉ាដោយសន្តិវិធី ដើម្បីទាមទារដំណោះស្រាយលើបញ្ហាជីវភាព ការកើនឡើងនៃថ្លៃចំណាយ និងប្រព័ន្ធសាលារៀនទ្រុឌទ្រោម។
អាជ្ញាធរបារាំងបញ្ជាក់ទៀតថា អំពើហិង្សាដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា បានបណ្តាលឱ្យប៉ូលិសវ័យ ២២ ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិតដោយសាររថយន្តបុកក្នុងទីក្រុង Nantes និងអ្នកតវ៉ាម្នាក់ទៀតបានស្លាប់ ព្រមទាំងធ្វើឱ្យមន្ត្រីប៉ូលិសជាង ៦០០ នាក់រងរបួស។ ក្រៅពីនេះ អគារសាលាក្រុងដែលមានអាយុកាល ១៤៣ ឆ្នាំក្នុងទីក្រុង Limoges ត្រូវបានដុតបំផ្លាញរហូតបាក់ស្រុតប៉ម ឯអគារសាលាក្រុង Marseille និងការិយាល័យទេសចរណ៍ក្នុងទីក្រុង Lyon ក៏រងការខូចខាតធ្ងន់ធ្ងរផងដែរ ក្នុងនោះក៏មានហាងទំនិញប្រមាណ ១.៥០០ កន្លែងនៅទូទាំងប្រទេស ត្រូវបានក្រុមបាតុករលួចប្លន់ និងបំផ្លិចបំផ្លាញ។
លោក ម៉ាក្រុង បានស្នើឱ្យរដ្ឋាភិបាលកោះអញ្ជើញភាគីពាក់ព័ន្ធ រួមមានសិស្ស និស្សិត គ្រូបង្រៀន និងសហជីព មកជួបពិភាក្សគ្នានៅក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកដំណោះស្រាយជាបន្ទាប់។ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីបារាំង លោក Sébastien Lecornu ក៏គ្រោងជួបពិភាក្សាជាមួយអភិបាលក្រុង Paris, Lyon និង Marseille ដើម្បីបង្កើនកម្លាំងសន្តិសុខ និងស្តារស្ថានការណ៍ឡើងវិញ៕