Khmer suport khmer cc time

កូរ៉េខាងជើង សាកល្បងអាវុធក្រោមទឹក AI ជំនាន់ថ្មី ល្បឿនលឿនបំផុតមានឈ្មោះថា Zam-2.0

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យុងយ៉ាង៖ អាជ្ញាធរកូរ៉េខាងជើង បានប្រកាសជាផ្លូវការតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ (KCNA) នៅថ្ងៃសៅរ៍នេះថា ខ្លួនបានធ្វើតេស្តសាកល្បងដោយជោគជ័យនូវប្រព័ន្ធត័រពីដូ (អាវុធបាញ់ក្រោមទឹក) ល្បឿនលឿនបំផុតប្រភេទថ្មីឈ្មោះ «Zam-2.0 ដោយត័រពីដូមួយនេះត្រូវបានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយក្នុងការស្វែងរកគោលដៅ និងតម្រង់ទិសដៅវាយប្រហារដោយស្វ័យប្រវត្តិ ហើយនេះក៏ជាអាវុធក្រោមទឹកអាចធ្វើចលនាគេចវេះពីការស្ទាក់ចាប់របស់សត្រូវ និងបង្កការភ័ន្តច្រឡំដល់ប្រព័ន្ធការពារជើងទឹករបស់គូប្រជែងបានយ៉ាងងាយស្រួល។

យោងតាមរបាយការណ៍របស់ CNA ការអភិវឌ្ឍអាវុធទំនើបៗរបស់ទីក្រុងព្យុងយ៉ាងត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស ស្របតាមបញ្ជាផ្ទាល់របស់មេដឹកនាំ គីម ជុងអ៊ុន ដែលធ្លាប់បានជំរុញឱ្យបញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងប្រព័ន្ធអាវុធជាតិ។ ក្រុមអ្នកភាគច្រើនយល់ឃើញថា កូរ៉េខាងជើងអាចនឹងទទួលបានការជួយជ្រោមជ្រែងផ្នែកបច្ចេកវិទ្យាយោធាពីប្រទេសរុស្ស៊ី ជាថ្នូរនឹងការដែលទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពរបស់ខ្លួនទៅជួយប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន។

គួរកត់សម្គាល់ថាការសាកល្បងអាវុធក្រោមទឹកនេះ បានកើតឡើងចំពេលដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងរត់ប្រណាំងគ្នាយ៉ាងស្រួចស្រាវលើការផលិត និងសាកល្បងអាវុធល្បឿនលឿនជាងសំឡេង (Hypersonic Weapons) ដែលជាប្រភេទអាវុធពិបាកក្នុងការរារាំង ឬស្ទាក់ចាប់។ ក្រៅពីនេះ ការបង្ហាញសាច់ដុំយោធារបស់កូរ៉េខាងជើងនៅពេលនេះ ត្រូវគេមើលឃើញថាជាល្បិចកលនយោបាយដើម្បីបង្កើតប្រៀបឈ្នះលើកូរ៉េខាងត្បូង និងដើម្បីបង្កើនទម្ងន់ចរចា មុនពេលមានជំនួបកំពូលដែលអាចកើតមានឡើងរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំ APEC នាខែវិច្ឆិកា ខាងមុខនេះ៕

Khcct banner

អត្ថបទទាក់ទង