Swift cc time

ក្រុមអ្នកស្រាវជ្រាវចិនរកឃើញវីរុសថ្មីជាង ១ម៉ឺន ប្រភេទ នៅតំបន់រុករករ៉ែដែកបាតសមុទ្រជ្រៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរកឃើញវីរុសផ្សេងៗគ្នាចំនួន ១១៧៤២ ប្រភេទ នៅក្នុងសំណាកដីល្បាប់ដែលបានប្រមូលពីតំបន់ Clarion-Clipperton ស្ថិតនៅជម្រៅរហូតដល់ ៦០០០ ម៉ែត្រ ក្រោមផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ចន្លោះប្រទេសម៉ិកស៊ិក និងកោះហាវ៉ៃ ក្នុងនោះមានជាង ៩៩ ភាគរយ ឬស្មើនឹង ១១៦៦២ ប្រភេទនៃវីរុសទាំងនោះ គឺជាប្រភេទវីរុសថ្មីស្រឡាងដែលមិនធ្លាប់បានកត់ត្រាទុកពីមុនមកឡើយ។ កាសែតចិន South China Morning Post បានរាយការណ៍ថា តំបន់បាតសមុទ្រជ្រៅមួយនេះត្រូវបានគេស្គាល់ថាជាទីតាំងផ្ទុកដុំរ៉ែដែកចម្រុះរាប់ពាន់លានដុំ ដែលសម្បូរទៅដោយលោហធាតុសំខាន់ៗដូចជា នីកែល កូបាល និងម៉ង់ហ្គាណែស ក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់។

បើតាមកាសែតដដែល ការសិក្សានេះត្រូវ បានដឹកនាំដោយលោក Hou Bowen និងចុះផ្សាយក្នុងទស្សនាវដ្ដី Nature Communications ដោយប្រើប្រាស់សំណាកដីល្បាប់ដែលប្រមូលបានក្នុងឆ្នាំ ២០២៣ និង ២០២៤ ដោយសមាគមស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានរ៉ែសមុទ្រចិន។ តាមរយៈការប្រៀបធៀបទិន្នន័យហ្សែន និងប្រូតេអ៊ីន អ្នកស្រាវជ្រាវបានរកឃើញថា មានតែប្រហែល ៤ ភាគរយប៉ុណ្ណោះនៃក្រុមប្រូតេអ៊ីនវីរុសទាំងនេះ ដែលមានលក្ខណៈដូចគ្នាទៅនឹងទិន្នន័យវីរុសធ្លាប់ស្គាល់ពីមុន។

អ្នកជំនាញបានបញ្ជាក់ថា វីរុសទាំងនេះកំណត់គោលដៅតែលើបាក់តេរីប៉ុណ្ណោះ ដូច្នេះពួកវាមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយតែសកម្មភាពរុករករ៉ែរបស់មនុស្សនាពេលអនាគតទៅវិញទេ ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់ពួកវា ដោយសារការរំខានដល់ស្រទាប់ដីល្បាប់នៅបាតសមុទ្រអាចបំផ្លាញប្រព័ន្ធអេកូឡូស៊ីមីក្រុប និងរំខានដល់តួនាទីសំខាន់របស់វីរុសក្នុងការរំលាយសារធាតុសរីរាង្គ និងការបញ្ចេញសារធាតុចិញ្ចឹម៕

Khcct banner

អត្ថបទទាក់ទង