Swift cc time

ឡាវ បញ្ជូនមនុស្ស ២១ នាក់ ទៅតុលាការ រឿងទទួលសំណូកជួយសម្រួលមិនធ្វើចត្តាឡីស័កសម័យកូវីដ-១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀងច័ន្ទ៖ អាជ្ញាធរឡាវ បានសម្រេចដាក់ពិន័យរដ្ឋបាលលើមនុស្ស ១៥៣ នាក់ និងបញ្ជូន ២១ នាក់ទៀតទៅកាន់តុលាការ ពាក់ព័ន្ធនឹងអំពើពុករលួយកំឡុងពេលវិបត្តិកូវីដ-១៩ តាមរយៈការឃុបឃិតគ្នាជួយសម្រួលឱ្យជនជាតិចិនគេចវេះពីការបង់ថ្លៃចត្តាឡីស័ក និងការជម្រិតទារប្រាក់លើសតម្លៃកំណត់យកទៅចែកគ្នា បណ្តាលឱ្យរដ្ឋបាត់បង់ចំណូលថវិកាសរុបប្រមាណ ២.២ លានដុល្លារអាម៉េរិក។

យោងតាមរបាយការណ៍របស់លោក Vansay Phongsavanh ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ ជម្រាបជូនរដ្ឋសភាកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា បុគ្គលទាំង ១៧៤ នាក់នោះ រួមមានមន្ត្រីរាជការ នគរបាល អាជីវករ និងប្រជាពលរដ្ឋ។ អាជ្ញាធរឡាវ បានដកហូតបានទ្រព្យសកម្មជាច្រើនត្រឡប់មកវិញ រួមមាន៖ ដីធ្លី ផ្ទះសំណាក់ រថយន្ត មាស និងសាច់ប្រាក់។

គួរបញ្ជាក់ថា អាជ្ញាធរអធិការកិច្ចឡាវក៏បានរកឃើញភាពមិនប្រក្រតីក្នុងការប្រើប្រាស់ថវិកាខុសទិសដៅប្រមាណ ១.៩៧៦ លានដុល្លារ នៃគម្រោងរថយន្តក្រុងរហ័សទាន់ចិត្ត (BRT) តម្លៃ ៩៩.៧ លានដុល្លារ រួមទាំងការទិញរថយន្តអគ្គិសនីកង់បី ១៥០ គ្រឿងទុកចោលដោយគ្មានចំណត និងកិច្ចសន្យា ៣៣ ដើមដែលគ្មានច្បាប់ដើមជាភាសាឡាវ។ ក្នុងករណីមួយផ្សេងទៀត តុលាការក្រុងវៀងច័ន្ទ កាលពីថ្ងៃទី១៤ ខែតុលា បានផ្ដន្ទាទោសមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មម្នាក់ឈ្មោះ Kesone (អាយុ ៥៩ ឆ្នាំ) ឱ្យជាប់ពន្ធនាគារ ១៨ ឆ្នាំ និង ៣ ខែ ពីបទចុះហត្ថលេខាលើលិខិតខុសច្បាប់ បណ្តាលឱ្យរដ្ឋបាត់បង់ចំណូលពន្ធ និងកម្រៃសេវាដីធ្លីប្រមាណ ៧០,០០០ ដុល្លារអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង