ហាណូយ៖ អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (Tô Lâm) កាលពីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ បានអំពាវនាវឱ្យក្រសួងការពារជាតិកម្ពុជា និងវៀតណាម បង្កើនការចែករំលែកព័ត៌មាន បង្កើនប្រសិទ្ធភាពគ្រប់គ្រង និងការពារព្រំដែន ជំរុញការបោះបង្គោលព្រំដែនឱ្យបានស្របតាមច្បាប់ជាផ្លូវការ និងសម្របសម្រួលតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចតំបន់ព្រំដែន ដើម្បីឈានទៅសម្រេចគោលដៅដំឡើងទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ ប៊ីលានដុល្លារអាម៉េរិក។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាមVietnam News។
ក្នុងជំនួបនោះ លោក តូ ឡឹម បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា បក្ស និងរដ្ឋវៀតណាម តែងតែគាំទ្រ និងបង្កលក្ខណៈងាយស្រួលជានិច្ច ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត ខណៈកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ នៅតែជាសសរទ្រូងដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី។
ជាការឆ្លើយតប សម្តេច ទៀ សីហា បានសម្តែងនូវការដឹងគុណចំពោះការគាំទ្ររបស់វៀតណាម និងបានជម្រាបជូនអំពីលទ្ធផលផ្លែផ្ការវាងជំនួបពិភាក្សា និងការចុះហត្ថលេខាលើ ផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២៧ ដោយបានប្តេជ្ញាដឹកនាំកងទ័ពកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម និងរៀបចំសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៦០ នៃទំនាក់ទំនងការទូត (១៩៦៧-២០២៧) ។
គួរបញ្ជាក់ថា ការថ្លែងរបស់លោក តូ ឡឹម បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេច ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងឱកាសដែលសម្តេចកំពុងបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយ កាលពីថ្ងៃ១៤ តុលា ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា វៀតណាម និងឡាវ ព្រមទាំងសមយុទ្ធយោធាចម្រុះរវាងកងទ័ពនៃប្រទេសទាំងបីរួមមាន៖ឡាវ កម្ពុជា និងវៀតណាម៕