បាងកក៖ពលរដ្ឋថៃជាច្រើនរយនាក់ នៅថ្ងៃទី១៥ ខែតុលានេះ បាននាំគ្នាចុះផ្លូវតវ៉ាប្រឆាំងនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ដែលកំពុងប្រារព្ធឡើងនៅក្រុងបាងកក ប្រទេសថៃ។ជាកិច្ចប្រជុំដែលប្រមូលផ្តុំដោយរដ្ឋមន្ត្រីសេដ្ឋកិច្ច ថៅកែក្រុមហ៊ុនល្បីៗ អ្នកជំនាញហិរញ្ញវត្ថុ និងធនាគារ ត្រូវជួបពិភាក្សាគ្នា។
ក្នុងពេលកិច្ចប្រជុំកំពុងបើកដំណើរការពលរដ្ឋថៃជាច្រើនរយនាក់ បានចុះផ្លូវតវ៉ា កាន់បដា ពាក់របាំងមុខជារូបមេដឹកនាំពិភពលោក និងអូសរទេះតាំងបង្ហាញធំៗ ដែលរួមមានរូបកំប៉ុងសន្សំប្រាក់រាងជាជ្រូក និងរូបសត្វមឹកតំណាងឱ្យប្រព័ន្ធមូលធននិយមសកល។
ក្នុងការតវ៉ានោះ ពួកគេបានអះអាងថា ប្រជាជនថៃ គឺបានខ្ចីបំណុលធនាគារពិភពលោក IMF ច្រើនជាងគេនៅក្នុងចំណោមប្រទេសអាស៊ី ប៉ុន្តែកម្ចីទាំងនោះមិនបានជួយប្រជាជនទេ គឺបានទៅលើបក្ខពួករបស់លោក Anutin យកទៅបង្កើតសង្គ្រាមទិញអាវុធផ្សេងៗ ដែលធ្វើឲ្យប្រជាជននៅតែរងទុក្ខវេទនា ប្រកបមុខរបរអ្វីក៏មិនកើត ផលិតផលអីវ៉ាន់ធ្លាក់ចុះគ្មានអ្នកទិញ ការនាំចេញឥវ៉ាន់ទៅលក់នៅក្រៅប្រទេសមានការធ្លាក់ចុះជាខ្លាំង។
ការតវ៉ានេះ ក៏មានការប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងប៉ូលិសថៃ នៅចំណុចប្រសព្វផ្លូវរ៉ាម៉ាទី៤ ក្នុងទីក្រុងបាងកក ក្រោយក្រុមបាតុករបន្តដើរចូលទៅក្នុងមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ដែលជាទីតាំងកំពុងរៀបចំកិច្ចប្រជុំ ដើម្បីបង្ហាញការព្រួយបារម្ភ និងដាក់សំណើរបស់ពួកគេជូនមន្ត្រី IMF៕