បាងកក៖ អ្នកកាសែតជើងចាស់ថៃ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកានេះ បានបង្ហោះសាររិះគន់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ជុំវិញការបង្អួតកម្លាំងយោធាតាមរយៈការធ្វើសមយុទ្ធដោយប្រើយន្តហោះចម្បាំង F-16 និងគ្រាប់បែកធុនធ្ងន់នៅខេត្ត Lopburi ព្រមទាំងការប្រើប្រាស់សារនយោបាយបែបជាតិនិយមជ្រុលពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយប្រទេសជិតខាង រួមទាំងកម្ពុជា។
តាមរយៈសំណេរលើបណ្ដាញសង្គមផ្ទាល់ខ្លួន លោក Pravit Rojanaphruk បានលើកឡើងថា៖ «គួរឱ្យសោកស្តាយដែលឃើញកងទ័ពអាកាសថៃ ទម្លាក់គ្រាប់បែកលើទឹកដីរបស់ខ្លួនឯង គ្រាន់តែដើម្បីបង្អួតអំណាច។ វាជាការខ្ជះខ្ជាយថវិកាពន្ធរបស់ប្រជាពលរដ្ឋ និងបំផ្លាញបរិស្ថាន។ នៅពេលមិនអាចគ្រប់គ្រងសេដ្ឋកិច្ចឱ្យបានល្អ និងដោះស្រាយបញ្ហាសារធាតុពុលឆ្លងដែនក្នុងទន្លេនៅភាគខាងជើងមិនបាន រដ្ឋាភិបាលថៃ បែរទៅប្រើពាក្យស្លោកជាតិនិយមជ្រុលដើម្បីផ្គាប់ចិត្តប្រជាពលរដ្ឋទៅវិញ»។
គួរបញ្ជាក់ថា បញ្ហាទឹកទន្លេមានសារធាតុពុលឆ្លងដែននៅភាគខាងជើងប្រទេសថៃ ជាពិសេសនៅតាមដងទន្លេ Kok និងទន្លេ Sai ក្នុងខេត្ត Chiang Rai បានក្លាយជាបញ្ហារសើបនាពេលថ្មីៗនេះ ក្រោយមានការរកឃើញសារធាតុពុលលោហៈធ្ងន់ ដូចជាសារធាតុអាសេនិក ដែលហូរចេញពីសកម្មភាពអាជីវកម្មរ៉ែនៅតំបន់ព្រំដែនប្រទេសជិតខាង។ រដ្ឋាភិបាលលោកអនុទីនទទួលរងការរិះគន់យ៉ាងចាស់ថៃពីសំណាក់ពលរដ្ឋថៃ ក្រោយបញ្ហានេះបានប៉ះពាល់ដល់ការប្រើប្រាស់ទឹកស្អាត វិស័យកសិកម្ម និងសុខភាពពលរដ្ឋថៃរាប់ម៉ឺននាក់៕